លោកុប្បត្តិ 44 - ព្រះគម្ពីរខ្មែរសាកលយ៉ូសែបសាកចិត្តពួកបងប្អូនរបស់គាត់ 1 យ៉ូសែបបញ្ជាអ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលពួកគេអាចយកទៅបាន ព្រមទាំងដាក់ប្រាក់ម្នាក់ៗនៅមាត់បាវរបស់ពួកគេវិញចុះ។ 2 ចូរដាក់ពែងរបស់យើង គឺពែងប្រាក់នោះ នៅមាត់បាវរបស់អ្នកដែលក្មេងជាងគេ ព្រមទាំងប្រាក់សម្រាប់ស្រូវវិញចុះ”។ អ្នកនោះក៏ធ្វើតាមពាក្យដែលយ៉ូសែបបានប្រាប់។ 3 លុះភ្លឺឡើង អ្នកទាំងនោះក៏ត្រូវគេបញ្ជូនទៅ គឺពួកគេ និងលារបស់ពួកគេ។ 4 ពួកគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន យ៉ូសែបក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរក្រោកឡើង ដេញតាមអ្នកទាំងនោះចុះ! ពេលតាមពួកគេទាន់ អ្នកត្រូវនិយាយនឹងពួកគេថា: ‘ម្ដេចក៏អ្នករាល់គ្នាធ្វើការអាក្រក់សងនឹងការល្អដូច្នេះ? 5 តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹកពីវា ហើយទស្សទាយដោយប្រើវាទេឬ? អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ ដែលធ្វើដូច្នេះ!’”។ 6 នៅពេលអ្នកគ្រប់គ្រងផ្ទះតាមពួកគេទាន់ គាត់ក៏និយាយពាក្យទាំងនេះនឹងពួកគេ។ 7 ពួកគេនិយាយនឹងគាត់វិញថា៖ “ហេតុអ្វីបានជាលោកម្ចាស់នៃខ្ញុំនិយាយពាក្យដូច្នេះ? សូមឲ្យការទាំងនេះនៅឆ្ងាយពីបាវបម្រើរបស់លោក ដែលយើងខ្ញុំធ្វើរឿងដូច្នេះ។ 8 មើល៍! ប្រាក់ដែលយើងខ្ញុំបានរកឃើញនៅមាត់បាវរបស់យើងខ្ញុំ ក៏យើងខ្ញុំបានយកពីដែនដីកាណានមកជូនលោកវិញដែរ។ ដូច្នេះ ឲ្យយើងខ្ញុំលួចប្រាក់ ឬមាសពីផ្ទះរបស់ចៅហ្វាយលោកដូចម្ដេចកើត! 9 បើឃើញមាននៅនឹងអ្នកណាក្នុងពួកបាវបម្រើរបស់លោក សូមឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំក៏នឹងធ្វើជាទាសកររបស់លោកម្ចាស់នៃខ្ញុំដែរ”។ 10 គាត់និយាយថា៖ “បើដូច្នេះ ចូរឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ! បើឃើញមាននៅនឹងអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ រីឯអ្នកឯទៀតគ្មានទោសទេ”។ 11 ពួកគេម្នាក់ៗក៏ប្រញាប់ដាក់បាវរបស់ខ្លួនចុះនៅលើដី ហើយបើកបាវរៀងៗខ្លួន។ 12 អ្នកគ្រប់គ្រងផ្ទះបានឆែកឆេរ ចាប់ផ្ដើមពីអ្នកចាស់ជាងគេ ហើយចប់ត្រឹមអ្នកក្មេងជាងគេ នោះក៏រកឃើញពែងនៅក្នុងបាវរបស់បេនយ៉ាមីន។ 13 ពួកគេក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗដាក់អីវ៉ាន់លើលារបស់ខ្លួន រួចត្រឡប់ទៅទីក្រុងវិញ។ 14 កាលយូដា និងបងប្អូនរបស់គាត់មកដល់ផ្ទះយ៉ូសែប យ៉ូសែបនៅតែនៅទីនោះ ពួកគេក៏ក្រាបមុខដល់ដីនៅចំពោះយ៉ូសែប។ 15 យ៉ូសែបនិយាយនឹងពួកគេថា៖ “ការដែលពួកឯងបានធ្វើនេះជាអ្វី? តើពួកឯងមិនដឹងថាមនុស្សដូចយើងនេះ ចេះទស្សទាយទេឬ?”។ 16 យូដាតបថា៖ “តើយើងខ្ញុំអាចឆ្លើយអ្វីនឹងលោកម្ចាស់នៃខ្ញុំបាន? តើយើងខ្ញុំអាចនិយាយអ្វីបាន? តើយើងខ្ញុំអាចបញ្ជាក់ថាយើងខ្ញុំឥតទោសដូចម្ដេចបាន? ព្រះបានទតឃើញសេចក្ដីទុច្ចរិតរបស់បាវបម្រើលោកម្ចាស់ហើយ។ មើល៍! យើងខ្ញុំនឹងធ្វើជាទាសកររបស់លោកម្ចាស់ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលគេបានរកឃើញពែងនោះនៅក្នុងដៃគាត់”។ 17 ប៉ុន្តែយ៉ូសែបនិយាយថា៖ “សូមឲ្យការនេះនៅឆ្ងាយពីយើង ដែលយើងធ្វើដូច្នេះ! មនុស្សដែលគេបានរកឃើញពែងនៅក្នុងដៃគាត់ គឺអ្នកនោះហើយ នឹងធ្វើជាទាសកររបស់យើង រីឯអ្នកឯទៀត ចូរទៅឯឪពុករបស់ពួកឯងវិញដោយសុខសាន្តចុះ”។ យូដាអង្វរឲ្យបេនយ៉ាមីន 18 យូដាក៏ចូលទៅជិតយ៉ូសែប ហើយនិយាយថា៖ “ឱលោកម្ចាស់នៃខ្ញុំអើយ! សូមឲ្យបាវបម្រើរបស់លោកនិយាយពាក្យមួយម៉ាត់នឹងត្រចៀករបស់លោកម្ចាស់នៃខ្ញុំផង ហើយសូមកុំឲ្យកំហឹងរបស់លោកម្ចាស់ឆេះឡើងទាស់នឹងបាវបម្រើរបស់លោកឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនដែរ។ 19 លោកម្ចាស់នៃខ្ញុំបានសួរពួកបាវបម្រើរបស់លោកថា: ‘តើពួកឯងមានឪពុក ឬប្អូនប្រុសឬទេ?’។ 20 ពេលនោះ យើងខ្ញុំបានឆ្លើយនឹងលោកម្ចាស់នៃខ្ញុំថា: ‘យើងខ្ញុំមានឪពុកចំណាស់ម្នាក់ និងកូនពៅដែលកើតមកក្នុងវ័យជរារបស់គាត់។ បងប្រុសរបស់វាបានស្លាប់ហើយ ហើយក្នុងចំណោមកូនដែលកើតពីម្ដាយរបស់វា នៅសល់តែវាម្នាក់ឯងប៉ុណ្ណោះ ដូច្នេះឪពុករបស់វាស្រឡាញ់វាណាស់’។ 21 លោកក៏មានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ចូរនាំវាមកឯយើង ដើម្បីឲ្យយើងបានឃើញវាផ្ទាល់ភ្នែកផង’។ 22 យើងខ្ញុំបានជម្រាបលោកម្ចាស់នៃខ្ញុំថា: ‘ក្មេងប្រុសនោះមិនអាចចាកចេញពីឪពុកវាបានឡើយ។ បើសិនវាចាកចេញពីឪពុកវា ឪពុកវានឹងស្លាប់’។ 23 ប៉ុន្តែលោកមានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ប្រសិនបើប្អូនប្រុសពៅរបស់ពួកឯងមិនចុះមកជាមួយពួកឯងទេ ពួកឯងនឹងមិនឃើញមុខយើងទៀតឡើយ’។ 24 “នៅពេលយើងខ្ញុំបានឡើងទៅដល់ឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោក យើងខ្ញុំក៏ប្រាប់គាត់តាមពាក្យរបស់លោកម្ចាស់នៃខ្ញុំ។ 25 ក្រោយមក ឪពុករបស់យើងខ្ញុំប្រាប់ថា: ‘ចូរត្រឡប់ទៅទិញស្បៀងអាហារបន្តិចសម្រាប់ពួកយើងមក’។ 26 ប៉ុន្តែយើងខ្ញុំឆ្លើយថា: ‘ពួកយើងមិនអាចចុះទៅបានឡើយ ទាល់តែប្អូនប្រុសពៅទៅជាមួយពួកយើង ទើបពួកយើងទៅបាន ពីព្រោះពួកយើងមិនអាចឃើញមុខបុរសនោះបានឡើយ ប្រសិនបើប្អូនប្រុសពៅរបស់ពួកយើងមិនទៅជាមួយពួកយើង’។ 27 ឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោក បាននិយាយនឹងយើងខ្ញុំថា: ‘ពួកឯងដឹងហើយថា ប្រពន្ធរបស់យើងបានបង្កើតកូនប្រុសពីរនាក់ឲ្យយើង។ 28 ម្នាក់បានចាកចេញពីយើង ហើយយើងគិតថាវាប្រាកដជាត្រូវសត្វហែកស៊ីមែន។ រហូតដល់សព្វថ្ងៃ យើងមិនបានឃើញវាទេ។ 29 បើសិនពួកឯងយកកូននេះចេញពីមុខយើងទៀត ហើយវាជួបគ្រោះថ្នាក់ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ’។ 30 “ដូច្នេះឥឡូវនេះ ប្រសិនបើខ្ញុំត្រឡប់ទៅឯឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោកវិញ ហើយក្មេងប្រុសនេះដែលជីវិតរបស់ឪពុកខ្ញុំបានចងជាមួយជីវិតរបស់វា មិននៅជាមួយយើងខ្ញុំទេ 31 នៅពេលគាត់ឃើញថាក្មេងប្រុសនេះមិននៅទៀត នោះគាត់មុខជាស្លាប់មិនខាន ដូច្នេះបាវបម្រើរបស់លោកនឹងបាននាំសក់ស្កូវរបស់ឪពុកយើងខ្ញុំដែលជាបាវបម្រើរបស់លោក ចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ។ 32 ដ្បិតបាវបម្រើរបស់លោកបានធានាសុវត្ថិភាពរបស់ក្មេងប្រុសនេះឲ្យឪពុករបស់ខ្ញុំថា: ‘បើសិនខ្ញុំមិននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំនឹងមានបាបចំពោះលោកឪពុកអស់មួយជីវិត’។ 33 ឥឡូវនេះ សូមឲ្យបាវបម្រើរបស់លោកនៅជាទាសកររបស់លោកម្ចាស់នៃខ្ញុំ ជំនួសក្មេងប្រុសនេះវិញ ហើយឲ្យក្មេងប្រុសនេះឡើងទៅជាមួយពួកបងប្រុសរបស់វាវិញផង។ 34 ដូច្នេះ តើខ្ញុំនឹងឡើងទៅឯឪពុករបស់ខ្ញុំដូចម្ដេចកើត ប្រសិនបើក្មេងប្រុសនេះមិននៅជាមួយខ្ញុំ? ក្រែងលោខ្ញុំឃើញការអាក្រក់ដែលនឹងកើតឡើងដល់ឪពុករបស់ខ្ញុំ”៕ |