ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 34 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 34

ព្រះទ្រង់រំដោះមនុស្សសុចរិត
បទតម្កើង ​របស់​ដាវីឌ នៅគ្រាដែល​គាត់​ធ្វើពុត​ជា​វិកលចរិត​នៅមុខ​អ័ប៊ីម្ម៉ាឡិច ធ្វើឲ្យ​អ័ប៊ីម្ម៉ាឡិច​បណ្ដេញ​គាត់​ចេញ គាត់​ក៏​ចាកចេញទៅ​។

1 ខ្ញុំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា​គ្រប់ពេលវេលា ពាក្យសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​មាត់​ខ្ញុំ​ជានិច្ច​។

2 ព្រលឹង​របស់ខ្ញុំ​នឹង​អួត​អំពី​ព្រះយេហូវ៉ា​; សូមឲ្យ​មនុស្ស​តូចទាប​បាន​ឮ ហើយ​អរសប្បាយ​ដែរ​។

3 ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ជាមួយ​ខ្ញុំ​! យើង​នាំគ្នា​លើក​ព្រះនាម​របស់ព្រះអង្គ​ឡើង​ជាមួយគ្នា​!

4 ខ្ញុំ​បាន​ស្វែងរក​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​នឹង​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ការភិតភ័យ​របស់ខ្ញុំ​។

5 អ្នកដែល​រំពឹងមើលទៅ​ព្រះអង្គ ក៏​ភ្លឺចែងចាំង ហើយ​មុខ​របស់គេ​មិន​អៀនខ្មាស​ឡើយ​។

6 ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។

7 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។

8 ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះយេហូវ៉ា​ទ្រង់​ល្អ​! មានពរ​ហើយ មនុស្ស​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!

9 វិសុទ្ធជន​របស់​ព្រះយេហូវ៉ា​អើយ ចូរ​កោតខ្លាច​ព្រះអង្គ​! ដ្បិត​អ្នកដែល​កោតខ្លាច​ព្រះអង្គ​គ្មាន​ភាពខ្វះខាត​ឡើយ​។

10 សិង្ហស្ទាវ​ក៏​ខ្វះខាត ហើយ​ឃ្លាន​ដែរ រីឯ​អ្នកដែល​ស្វែងរក​ព្រះយេហូវ៉ា នឹង​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ​។

11 កូន​រាល់គ្នា​អើយ ចូរ​មក ហើយ​ស្ដាប់តាម​ខ្ញុំ​ចុះ​! ខ្ញុំ​នឹង​បង្រៀន​អ្នករាល់គ្នា​អំពី​ការកោតខ្លាច​ព្រះយេហូវ៉ា​។

12 តើ​មនុស្ស​ណា​ចង់បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​វែង ដើម្បីឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​?

13 ចូរឲ្យ​អ្នកនោះ​ទប់​អណ្ដាត​របស់ខ្លួន​ពី​ការនិយាយ​អាក្រក់ ហើយ​ទប់​បបូរមាត់​របស់ខ្លួន​ពី​ការ​និយាយ​សេចក្ដីបោកបញ្ឆោត​។

14 ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ ចូរ​ស្វែងរក​សន្តិភាព ហើយ​ដេញតាម​វា​។

15 ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​មនុស្ស​សុចរិត ហើយ​ព្រះកាណ៌​របស់ព្រះអង្គ​នៅនឹង​សម្រែក​របស់ពួកគេ​។

16 ព្រះភក្ត្រ​របស់​ព្រះយេហូវ៉ា​ទាស់នឹង​មនុស្សដែល​ធ្វើ​អាក្រក់ ដើម្បី​កាត់​ការនឹកចាំ​អំពី​ពួកគេ​ចេញ​ពី​ផែនដី​។

17 នៅពេល​មនុស្សសុចរិត​ស្រែកឡើង ព្រះយេហូវ៉ា​ក៏​សណ្ដាប់ ហើយ​រំដោះ​ពួកគេ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ពួកគេ​។

18 ព្រះយេហូវ៉ា​នៅជិត​អ្នកដែល​បែកខ្ទេច​ក្នុង​ចិត្ត ហើយ​ព្រះអង្គ​ទ្រង់​សង្គ្រោះ​អ្នកដែល​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ​។

19 មនុស្ស​សុចរិត​រង​ការធ្វើទុក្ខ​ជាច្រើន ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រង់​រំដោះ​គេ​ពី​គ្រប់​សេចក្ដីទាំងនោះ

20 ក៏​ថែរក្សា​អស់ទាំង​ឆ្អឹង​គេ គឺ​គ្មាន​ឆ្អឹង​ណាមួយ​ត្រូវបាន​បំបាក់​ឡើយ​។

21 សេចក្ដីអាក្រក់​ធ្វើឲ្យ​មនុស្ស​អាក្រក់​ត្រូវបាន​សម្លាប់ ហើយ​ពួកដែល​ស្អប់​មនុស្ស​សុចរិត នឹង​ត្រូវ​ទទួលទោស​។

22 ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative