1 វេទនាហើយ! ពួកអ្នកដែលតែងបទបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលសរសេរសេចក្ដីសម្រេចអយុត្ដិធម៌ 2 ដើម្បីបែរចេញពីពាក្យបណ្ដឹងរបស់អ្នកក្រខ្សត់ ហើយដកយកសេចក្ដីយុត្តិធម៌ចេញពីមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់យើង ដើម្បីឲ្យស្ត្រីមេម៉ាយបានជាជ័យភណ្ឌរបស់គេ និងដើម្បីប្លន់កូនកំព្រា។ 3 ក្នុងថ្ងៃនៃការដាក់ទោស នៅពេលការហិនវិនាសមកពីឆ្ងាយ តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់គេចទៅរកអ្នកណាឲ្យជួយ? តើអ្នករាល់គ្នានឹងផ្ញើភាពស្ដុកស្ដម្ភរបស់អ្នករាល់គ្នាទុកនៅឯណា? 4 គ្មានអ្វីនៅសល់ឡើយ លើកលែងតែការលុតចុះនៅកណ្ដាលពួកឈ្លើយសឹក ឬការដួលនៅកណ្ដាលពួកអ្នកដែលត្រូវបានកាប់សម្លាប់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។ អាស្ស៊ីរីជារំពាត់នៃព្រះពិរោធ5 “វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។ 6 យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។ 7 ប៉ុន្តែពួកគេមិនមានបំណងដូច្នោះទេ ហើយចិត្តពួកគេក៏មិនគិតគូរដូច្នោះដែរ គឺក្នុងចិត្តពួកគេមានតែការបំផ្លាញ និងការកាត់ចេញនូវប្រជាជាតិមិនតិចឡើយ។ 8 ដ្បិតពួកគេពោលថា: ‘តើមេដឹកនាំរបស់យើង មិនមែនសុទ្ធតែជាស្ដេចទេឬ? 9 តើកាលនេ មិនដូចកើកេមីសទេឬ? តើហាម៉ាថ មិនដូចអើផាឌទេឬ? តើសាម៉ារី មិនដូចដាម៉ាស់ទេឬ? 10 ដូចដែលដៃរបស់យើងបានចាប់អាណាចក្រទាំងឡាយនៃរូបបដិមាករឥតប្រយោជន៍ ដែលរូបឆ្លាក់របស់គេវិសេសជាងយេរូសាឡិម ក៏វិសេសជាងសាម៉ារីយ៉ាងណា 11 ដូចដែលយើងបានធ្វើដល់សាម៉ារី និងរូបបដិមាករឥតប្រយោជន៍របស់នាងយ៉ាងណា តើយើងមិនធ្វើដល់យេរូសាឡិម និងរូបបដិមាកររបស់នាងយ៉ាងនោះដែរទេឬ?’”។ ការជំនុំជម្រះចំពោះអាស្ស៊ីរី12 កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។ 13 ដ្បិតស្ដេចអាស្ស៊ីរីពោលថា៖ “ដោយកម្លាំងនៃដៃរបស់យើង និងដោយប្រាជ្ញារបស់យើងនោះឯង ដែលយើងបានធ្វើការនេះ ពីព្រោះយើងមានបញ្ញា។ យើងបានដកព្រំដែននៃប្រជាជាតិនានាចេញ ហើយរឹបជាន់យកទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងបង្ក្រាបពួកអ្នកស្រុក ដូចជាមនុស្សខ្លាំងពូកែ។ 14 ដៃរបស់យើងបានចាប់យកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងនោះ ដូចជាសម្បុកចាប; យើងបានប្រមូលផែនដីទាំងមូល ដូចប្រមូលពងចាបដែលត្រូវបានបោះបង់ចោល ហើយមិនមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ”។ 15 តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ! 16 ដោយហេតុនេះ ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងចាត់សេចក្ដីស្គមស្គាំងឲ្យទៅក្នុងចំណោមអ្នកមាំមួនរបស់ស្ដេចអាស្ស៊ីរី ហើយនៅក្រោមសិរីរុងរឿងរបស់ស្ដេចអាស្ស៊ីរី ព្រះអង្គនឹងបង្កាត់ភ្លើងដូចជាចំហេះនៃអណ្ដាតភ្លើង។ 17 រីឯពន្លឺនៃអ៊ីស្រាអែលនឹងបានជាភ្លើង ហើយអង្គដ៏វិសុទ្ធរបស់ពួកគេនឹងបានជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយស៊ីបំផ្លាញបន្លា និងអញ្ចាញរបស់ស្ដេចអាស្ស៊ីរីក្នុងមួយថ្ងៃ។ 18 ព្រះអង្គនឹងបំផ្លាញភាពរុងរឿងនៃព្រៃឈើ និងចម្ការសម្បូរផលរបស់ទ្រង់ ព្រមទាំងព្រលឹង និងរូបកាយរបស់ទ្រង់ផង ហើយទ្រង់នឹងបានដូចជាអ្នកជំងឺដែលរីងរៃបាត់ទៅ។ 19 រីឯសំណល់នៃដើមឈើពីព្រៃរបស់ទ្រង់នឹងមានចំនួនតិច សូម្បីតែកូនក្មេងក៏អាចកត់វាទុកបានដែរ។ អ្នកដែលរួចជីវិតនឹងត្រឡប់មកវិញ20 នៅថ្ងៃនោះ សំណល់នៃអ៊ីស្រាអែល និងអ្នកដែលរួចជីវិតនៃវង្សត្រកូលយ៉ាកុប នឹងលែងពឹងផ្អែកលើអ្នកដែលវាយពួកគេទៀត គឺពួកគេនឹងពឹងផ្អែកលើព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលវិញ ដោយសេចក្ដីពិតត្រង់។ 21 សំណល់ គឺសំណល់នៃយ៉ាកុប នឹងត្រឡប់មករកព្រះដ៏មានព្រះចេស្ដាវិញ។ 22 អ៊ីស្រាអែលអើយ ទោះបីជាប្រជាជនរបស់អ្នកមានច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក៏ដោយ ក៏មានសំណល់នៃពួកគេតែបន្តិចប៉ុណ្ណោះដែលនឹងត្រឡប់មកវិញ។ ការបំផ្លាញត្រូវបានកំណត់ហើយ ទាំងជន់លិចដោយសេចក្ដីយុត្តិធម៌ផង 23 ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារនឹងបង្ហើយការបំផ្លាញនៅកណ្ដាលផែនដីទាំងមូល ដូចដែលត្រូវបានកំណត់ហើយ។ 24 ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ មានបន្ទូលដូច្នេះថា៖ “ប្រជារាស្ត្ររបស់យើងដែលរស់នៅស៊ីយ៉ូនអើយ កុំខ្លាចអាស្ស៊ីរីឡើយ ទោះបីជាពួកគេវាយអ្នកដោយរំពាត់ ហើយលើកដំបងរបស់ពួកគេឡើងទាស់នឹងអ្នក ដូចរបៀបជនជាតិអេហ្ស៊ីបក៏ដោយ។ 25 ដ្បិតនៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធនឹងបញ្ចប់ ហើយកំហឹងរបស់យើងនឹងឆ្ពោះទៅការបំផ្លាញពួកគេវិញ”។ 26 ព្រះយេហូវ៉ានៃពលបរិវារនឹងគ្រវីខ្សែតីទាស់នឹងពួកគេ ដូចការប្រហារជនជាតិម៉ាឌាននៅត្រង់ថ្មអូរិប ហើយព្រះអង្គនឹងលើកដំបងរបស់ព្រះអង្គទៅលើសមុទ្រ ដូចរបៀបនៅអេហ្ស៊ីបដែរ។ ព្រះនឹងជំនុំជម្រះអាស្ស៊ីរី27 នៅថ្ងៃនោះ បន្ទុកនៃអាស្ស៊ីរីនឹងត្រូវបានដកចេញពីលើ ស្មារបស់អ្នក នឹមនៃអាស្ស៊ីរីក៏នឹងត្រូវបានដកចេញពីលើ ករបស់អ្នក ហើយនឹមនោះនឹងត្រូវបានកម្ទេច ដោយព្រោះភាពធាត់។ 28 អាស្ស៊ីរីបានមកដល់អៃយ៉ាត គេបានឆ្លងកាត់មីករ៉ូន គេបានទុកសម្ភារៈរបស់ខ្លួននៅមីកម៉ាស។ 29 គេបានឆ្លងផ្លូវកាត់ជ្រលងភ្នំ ដោយពោលថា៖ “កេបាជាកន្លែងសំណាក់របស់យើង!” នោះរ៉ាម៉ាក៏ញ័ររន្ធត់ គីបៀរនៃសូលក៏រត់គេច។ 30 កូនស្រីកាលីមអើយ ចូរបន្លឺសំឡេងរបស់នាងឡើង! ឡាអ៊ីស និងអាណាថោតដ៏កម្សត់អើយ ចូរប្រុងស្ដាប់ចុះ! 31 ម៉ាតមេណាបានរត់គេចហើយ អ្នកដែលរស់នៅកេប៊ីមក៏ភៀសខ្លួនដែរ។ 32 ប៉ុន្តែនៅថ្ងៃនោះ អាស្ស៊ីរីនឹងនៅឈរនៅណូប គេនឹងគ្រវីកណ្ដាប់ដៃដាក់ភ្នំនៃកូនស្រីស៊ីយ៉ូន គឺទីទួលនៃយេរូសាឡិម។ 33 មើល៍! ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងកាប់មែកឈើដោយព្រះចេស្ដាដ៏អស្ចារ្យ នោះដើមឈើមានកម្ពស់ដ៏ខ្ពស់នឹងត្រូវបានកាប់រំលំ ហើយដើមឈើខ្ពស់សន្លឹមនឹងត្រូវបានបន្ទាបចុះ។ 34 ព្រះអង្គនឹងកាប់គុម្ពោតព្រៃចោលដោយគ្រឿងដែក នោះលីបង់នឹងដួល ដោយព្រោះព្រះអង្គដ៏ធំឧត្ដម៕ |