តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង!
ដ្បិតការជាក់ស្តែងនេះ ទុកសម្រាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះ ហើយនៅគ្រានោះ នឹងមិនកុហកទេ ប្រសិនបើបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកពិត ឥតរារង់ឡើយ។
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ពួកស្ងួនភ្ងាអើយ សូមកុំភ្លេចសេចក្ដីមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃទុកដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរ ។ ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។ ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ទូលបង្គំរង់ចាំព្រះយេហូវ៉ា ព្រលឹងទូលបង្គំរង់ចាំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
ព្រះយេហូវ៉ាល្អដល់អស់អ្នកដែលរង់ចាំព្រះអង្គ គឺដល់ព្រលឹងអ្នកណាដែលស្វែងរកព្រះអង្គ។ បើមនុស្សសង្ឃឹម និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។
ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល ដែលកន្លងផុតទៅ ឬដូចជាយាមមួយក្នុងពេលយប់។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់នៅឡើយទេ តែពេលវេលារបស់ប្អូន នោះមានជានិច្ច។
ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តយើង នោះយើងបានឆ្លើយដល់អ្នក ហើយនៅថ្ងៃសម្រាប់សង្គ្រោះ យើងបានជួយអ្នក យើងរក្សាអ្នក ហើយប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ដើម្បីតាំងស្រុកទេសឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមត៌ក។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
លោកស្រីសារ៉ាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអ័ប្រាហាំ ក្នុងកាលដែលលោកមានវ័យចាស់ ត្រូវតាមពេលកំណត់ដែលព្រះអង្គបានប្រាប់លោក។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់មនុស្ស។ ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់ពួកអ្នកធំ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
«ប៉ុន្តែ ត្រង់ឯថ្ងៃ និងពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនដឹងដែរ មានតែព្រះវរបិតាមួយប៉ុណ្ណោះដែលជ្រាប។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។
ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។
ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។
ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
កុំឲ្យថា «យើងនឹងសងសឹក» ចូររង់ចាំព្រះយេហូវ៉ាចុះ ព្រះអង្គនឹងជួយសង្គ្រោះឯងវិញ។
ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
«ទូលបង្គំដឹងថាព្រះអង្គធ្វើទាំងអស់កើត ហើយឃាត់ព្រះតម្រិះព្រះអង្គណាមួយមិនបាន
ឯព្រះ ផ្លូវរបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ានោះពិតហើយ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ព្រះអង្គមានបន្ទូលថា៖ «ការអ្វីដែលមនុស្សធ្វើមិនកើត នោះព្រះអាចនឹងធ្វើកើតទាំងអស់»។
មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងព្រះអង្គ។ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើ ដែលដាំនៅមាត់ទឹក ចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។
ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានរង់ចាំយ៉ាងអត់ធ្មត់ លោកក៏បានទទួលតាមសេចក្ដីសន្យានោះមែន។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ដែលព្រះអង្គនឹងបង្ហាញឲ្យឃើញក្នុងវេលាកំណត់ ព្រះអង្គជាព្រះដ៏មានពរ ជាអធិបតីតែមួយគត់ ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។
ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។ ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ដ្បិតអ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ព្រោះព្រះយេហូវ៉ានឹងយាងនាំមុខអ្នក ហើយព្រះនៃសាសន៍អ៊ីស្រាអែលនឹងការពារអ្នក។
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។
ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកថ្ងៃណាទេ។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។
ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត? តែបើយើងសង្ឃឹមលើអ្វីដែលមើលមិនឃើញ នោះយើងរង់ចាំដោយអំណត់។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់ នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។
ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន?
អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្សមួយពាន់ ហើយពួកមានគ្នាតិច និងត្រឡប់ទៅជាសាសន៍មួយយ៉ាងពូកែ យើងនេះគឺព្រះយេហូវ៉ា យើងនឹងធ្វើឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំ ចេញមកកន្លែងដែលមានបរិបូរ។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ព្រះអង្គ។ ព្រះអង្គគង់លើចេរូប៊ីម ហើយហោះមក ព្រះអង្គហោះសំកាំងនៅលើខ្យល់។ ព្រះអង្គបានយកភាពងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ ជាពពកខ្មៅក្រាស់ពេញដោយទឹក។ ឯពន្លឺភ្លឺនៅចំពោះព្រះអង្គ មានព្រឹល និងរងើកភ្លើង ចេញមកតាមពពករបស់ព្រះអង្គ។ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង ព្រមទាំងព្រឹល និងរងើកភ្លើង។ ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។ ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។ ៙ ព្រះអង្គបានលូកព្រះហស្ដពីលើស្ថានដ៏ខ្ពស់ មកចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកធំ ព្រះអង្គបានរំដោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ខ្ញុំដែរ ដ្បិតគេមានកម្លាំងជាងខ្ញុំ។ នៅថ្ងៃដែលខ្ញុំមានទុក្ខវេទនា គេនាំគ្នាសង្ខុញ មកលើខ្ញុំ ប៉ុន្តែ ព្រះយេហូវ៉ាជាជំនួយរបស់ខ្ញុំ។ ព្រះអង្គបាននាំខ្ញុំចេញទៅឯទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដ្បិតព្រះអង្គរីករាយនឹងខ្ញុំ។ ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
ដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយបានស្គាល់សេចក្ដីពិត។
ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។
ព្រះគង់នៅកណ្ដាលទីក្រុងនោះ ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះនឹងជួយទីក្រុងនោះ ចាប់តាំងពីព្រលឹមស្រាង។
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
៙ ព្រះអង្គបានលូកព្រះហស្ដពីលើស្ថានដ៏ខ្ពស់ មកចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកធំ
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។