១ សាំយូអែល 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងគាំពារជើង ពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់ នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយកម្លាំងបានទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជម្នះ ដោយសារកម្លាំងរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងគាំពារជើងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយនូវកំឡាំងបានទេ អាល់គីតាប ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។ |
ចូរកប់គេទាំងអស់គ្នានៅក្នុងដី ហើយចង់ឃ្លុំមុខគេ ទុកក្នុងទីងងឹតក្នុងផ្នូរ។
អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ។
ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
៙ បន្ទាប់មក ព្រះអង្គបាននាំអ៊ីស្រាអែល ចេញ ទាំងនាំយកប្រាក់ និងមាសទៅជាមួយ ឯក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។
៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ព្រះយេហូវ៉ាការពារអស់អ្នក ដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គនឹងបំផ្លាញ អស់ទាំងមនុស្សអាក្រក់វិញ។
ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គ សូមឲ្យពួកមនុស្សអាក្រក់ត្រូវខ្មាស សូមឲ្យគេដេកស្ងៀមនៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅ!
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។
ឱអស់អ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ មនុស្សអាក្រក់។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រក នៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
គ្រប់មួយជីវិត ត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត ក៏កើតមានទុក្ខព្រួយច្រើន ព្រមទាំងមានជំងឺបៀតបៀន និងក្រហល់ក្រហាយចិត្តផង។
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
យើងនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា យើងនឹងស្រោចទឹកជានិច្ច ហើយមើលថែទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ
ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យអ្នកអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅអ្នកជាម្ចាស់នៃអស់ទាំងសាសន៍ទៀត។
ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ? ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុង ទាំងប៉ុន្មានដែលមានកំផែង ហើយភាំងនៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
ប៉ុន្តែ ព្រះអង្គនឹងបំផ្លាញពួកបច្ចាមិត្ត ឲ្យវិនាសសាបសូន្យ ដោយទឹកជំនន់ជន់លិច ហើយនឹងដេញពួកខ្មាំងសត្រូវរបស់ព្រះអង្គ ទៅក្នុងទីងងឹត។
ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ ជាថ្ងៃវេទនា ហើយឈឺចាប់ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។
ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ពិតមែន ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ ពួកបរិសុទ្ធទាំងអស់របស់ព្រះអង្គ ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ គេបានអង្គុយនៅទៀបព្រះបាទព្រះអង្គ ហើយទទួលព្រះបន្ទូលពីព្រះអង្គ។
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។
ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ និងជាពពកដែលខ្យល់ព្យុះបក់ផាត់ ដ្បិតសេចក្ដីងងឹតសូន្យឈឹងបានបម្រុងទុកសម្រាប់ពួកគេ។
យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។
គេជារលកសមុទ្រដ៏កំណាច ដែលបក់បោកបែកពពុះជាសេចក្ដីអាម៉ាស់ ជាផ្កាយវង្វេងទិស ដែលបម្រុងឲ្យនៅក្នុងទីងងឹតសូន្យឈឹងអស់កល្បជានិច្ច។
ពួកស្ងួនភ្ងាអើយ កាលខ្ញុំកំពុងមានបំណងចង់សរសេរមកអ្នករាល់គ្នា អំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នា ខ្ញុំយល់ថា ខ្ញុំត្រូវតែសរសេរមកដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលព្រះបានប្រគល់មកពួកបរិសុទ្ធ ម្ដងជាសូរេច។
ដូច្នេះ លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះ ដោយព្រោះព្រះយេហូវ៉ាបានឃាត់លោកមិនឲ្យកម្ចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ។