អេសាយ 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។ ព្រះគម្ពីរខ្មែរសាកល គេនឹងចូលទៅក្នុងរអាងថ្ម និងក្នុងរូងដី ដើម្បីរួចពីការភិតភ័យចំពោះព្រះយេហូវ៉ា និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គក្រោកឡើងដើម្បីធ្វើឲ្យផែនដីញ័ររន្ធត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង នៃសិរីរុងរឿងរបស់ព្រះអង្គ នៅពេលព្រះអង្គក្រោកឡើង ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សគេ នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា នឹងពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ គឺក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ អាល់គីតាប ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី ដើម្បីគេចឲ្យផុតពីកំហឹង របស់អុលឡោះតាអាឡា ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង នៃសិរីរុងរឿងរបស់ទ្រង់ នៅពេលទ្រង់ក្រោកឡើង ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។ |
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង ដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមងើបឡើង ទាស់នឹងអំពើឃោរឃៅ របស់ខ្មាំងសត្រូវនៃទូលបង្គំផង ព្រះនៃទូលបង្គំអើយ សូមតើនឡើង ព្រះអង្គបានតែងតាំងឲ្យមានការជំនុំជម្រះ។
ដូច្នេះ យើងនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
ចូរឲ្យចូលទៅក្នុងរូងថ្ម ហើយពួនខ្លួននៅក្នុងធូលីដីចុះ ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ។
ដើម្បីចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
មើល៍ ព្រះយេហូវ៉ាធ្វើឲ្យផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង
ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ។
ហើយដំបងដែលព្រះយេហូវ៉ាបានតម្រូវឲ្យត្រូវវាយគេ នោះនឹងឮសូរក្រាប់ និងស៊ុងប្រគំឡើងជាដរាប ឯក្នុងគ្រប់ទាំងពេលតគ្នានោះ ព្រះអង្គនឹងច្បាំងនឹងគេ ដោយព្រះពាហុលើកសម្រេច។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងនឹងក្រោកឡើង ឥឡូវនេះ យើងនឹងលើកខ្លួនឡើង ឥឡូវនេះ យើងនឹងបានតម្កើងឡើងហើយ។
នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ បន្ទាប់មក យើងនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង។
បណ្ដាមនុស្សនៅទីក្រុងទាំងប៉ុន្មានរត់ទៅ ដោយព្រោះសូរពលសេះ និងពលធ្នូ គេចូលទៅក្នុងព្រៃស្តុក ហើយឡើងទៅលើថ្មដា ទីក្រុងទាំងឡាយត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ
ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ឲ្យបានដូចជាព្រាប ដែលធ្វើសម្បុកនៅមាត់ចម្រេះរអាង។
អ្នកត្រូវប្រាប់ដល់គេដូច្នេះថា ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែកនេះ នឹងដួលដោយដាវ ហើយអ្នកណាដែលនៅឯទីវាល យើងនឹងឲ្យសត្វព្រៃហែកស៊ី ហើយពួកអ្នកដែលនៅក្នុងទីមាំមួន និងក្នុងរអាងភ្នំ គេនឹងស្លាប់ដោយអាសន្នរោគ។
ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក!
គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
ឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវលាក់ខ្លួន ហើយនឹងស្វែងរកទីពឹងជ្រកឲ្យរួចពីខ្មាំងសត្រូវដែរ។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត យើងនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង
ក៏នឹងអង្រួនអស់ទាំងសាសន៍ នោះទីគាប់ចិត្តរបស់សាសន៍ទាំងឡាយនឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅគ្រានោះ យើងនឹងធ្វើឲ្យវិហារនេះមានពេញដោយសិរីរុងរឿង។
នៅគ្រានោះ គេនឹងចាប់ផ្តើមនិយាយទៅភ្នំធំថា "សូមរលំមកលើយើងមក!" ហើយទៅភ្នំតូចថា "សូមគ្របមកលើយើងមក!"
គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ
គេដើររសាត់អណ្ដែតតាមទីរហោស្ថាន តាមភ្នំ តាមរអាង និងតាមរូងភ្នំ។ លោកីយ៍មិនស័ក្ដិសមនឹងអ្នកទាំងនោះទេ។
នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។
នៅវេលានោះ មានរញ្ជួយផែនដីជាខ្លាំង ហើយមួយភាគដប់នៃទីក្រុងនោះត្រូវរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ ក្នុងពេលដែលរញ្ជួយផែនដីនោះ ឯមនុស្សដែលសល់ ក៏មានចិត្តភ័យខ្លាច ហើយលើកតម្កើងដល់ព្រះនៃស្ថានសួគ៌។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។
មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំង តាំងពីមានមនុស្សនៅផែនដីមក មិនដែលមានរញ្ជួយផែនដីយ៉ាងខ្លាំងដូច្នេះឡើយ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។
ពេលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ព្រោះបណ្ដាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាង ក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន។
ដូច្នេះ អ្នកទាំងពីរក៏បង្ហាញខ្លួនឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា៖ «មើល៍! ពួកហេព្រើរចេញពីរូងដែលគេពួននោះហើយ»