វិវរណៈ 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពែងនៃសេចក្តីក្រោធរបស់ព្រះ 1 បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ ប្រាប់ទេវតាទាំងប្រាំពីរថា៖ «ចូរចាក់សេចក្ដីក្រោធរបស់ព្រះ ដែលនៅក្នុងពែងទាំងប្រាំពីរ ទៅលើផែនដីទៅ!»។ 2 ទេវតាទីមួយក៏ចេញទៅ យកពែងរបស់ខ្លួនចាក់ទៅលើផែនដី ស្រាប់តែមានដំបៅយ៉ាងអាក្រក់ និងឈឺចាប់ កើតលើមនុស្សដែលមានទីសម្គាល់របស់សត្វនោះ និងអ្នកដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា។ 3 ទេវតាទីពីរយកពែងរបស់ខ្លួន ចាក់ទៅក្នុងសមុទ្រ ស្រាប់តែសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។ 4 ទេវតាទីបីយកពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងរន្ធទឹកនានា ស្រាប់តែទន្លេ និងរន្ធទឹកទាំងនោះក៏ត្រឡប់ទៅជាឈាមដែរ។ 5 ខ្ញុំឮទេវតាដែលគ្រប់គ្រងទឹកពោលថា៖ «ឱព្រះដ៏បរិសុទ្ធ ដែលគង់នៅសព្វថ្ងៃ ហើយក៏គង់នៅតាំងពីដើមរៀងមកអើយ ព្រះអង្គជំនុំជម្រះដូច្នេះ ពិតជាសុចរិតមែន។ 6 ដ្បិតគេបានកម្ចាយឈាមពួកបរិសុទ្ធ និងពួកហោរា ហើយព្រះអង្គឲ្យគេផឹកឈាមដូច្នេះ គឺគេសមនឹងទទួលហើយ!»។ 7 ខ្ញុំឮអាសនាពោលថា៖ «មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជម្រះរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់!»។ 8 ទេវតាទីបួនយកពែងរបស់ខ្លួន ចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យក៏ទទួលអំណាចធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង។ 9 មនុស្សក៏ត្រូវខ្លោច ដោយសារកម្ដៅយ៉ាងខ្លាំង តែគេមិនបានប្រែចិត្ត ហើយលើកសរសើរសិរីល្អរបស់ព្រះទេ គឺគេជេរប្រមាថព្រះនាមរបស់ព្រះ ដែលមានអំណាចលើគ្រោះកាចទាំងនោះវិញ។ 10 ទេវតាទីប្រាំយកពែងរបស់ខ្លួន ចាក់ទៅលើបល្ល័ង្ករបស់សត្វនោះ ស្រាប់តែរាជ្យរបស់វាក៏ត្រឡប់ទៅជាងងឹតសូន្យសុង ហើយមនុស្សខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងលំបាកពេក 11 ក៏ជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយព្រោះការឈឺចាប់ និងដំបៅរបស់គេ តែគេមិនបានប្រែចិត្ត លះបង់អំពើដែលគេប្រព្រឹត្តឡើយ។ 12 ទេវតាទីប្រាំមួយយកពែងរបស់ខ្លួន ចាក់ទៅលើទន្លេធំ គឺទន្លេអ៊ើប្រាត ស្រាប់តែទឹកទន្លេនោះក៏រីងអស់ ដើម្បីរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងកើត។ 13 ខ្ញុំឃើញវិញ្ញាណអសោចបី ដូចជាកង្កែប ចេញពីមាត់នាគ ចេញពីមាត់សត្វនោះ និងពីមាត់ហោរាក្លែងក្លាយ។ 14 វិញ្ញាណទាំងនោះ ជាវិញ្ញាណរបស់ពួកអារក្ស ដែលចេញទៅរកពួកស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីប្រមូលស្តេចទាំងនោះមកច្បាំង នៅថ្ងៃយ៉ាងធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត។ 15 («មើល៍! យើងមកដូចជាចោរ! មានពរហើយ អ្នកណាដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត និងមិនឲ្យគេឃើញកេរខ្មាស»)។ 16 វិញ្ញាណទាំងនោះ បានប្រមូលពួកស្ដេចទៅកន្លែងមួយ ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។ 17 ទេវតាទីប្រាំពីរយកពែងរបស់ខ្លួន ចាក់ទៅក្នុងអាកាស ស្រាប់តែមានសំឡេងមួយបន្លឺយ៉ាងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ថា៖ «រួចរាល់ហើយ!»។ 18 មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំង តាំងពីមានមនុស្សនៅផែនដីមក មិនដែលមានរញ្ជួយផែនដីយ៉ាងខ្លាំងដូច្នេះឡើយ។ 19 ទីក្រុងដ៏ធំនោះ បានបែកចេញជាបីភាគ ឯទីក្រុងរបស់ជាតិសាសន៍នានាទាំងប៉ុន្មានក៏រលំ ហើយព្រះនឹកចាំពីក្រុងបាប៊ីឡូនដ៏ធំ ដើម្បីឲ្យក្រុងនេះផឹកពីពែងស្រានៃសេចក្ដីក្រោធជាខ្លាំងរបស់ព្រះអង្គ។ 20 គ្រប់ទាំងកោះបានរសាត់បាត់អស់ទៅ ហើយក៏មិនឃើញមានភ្នំទៀតដែរ 21 មានព្រឹលធំៗ គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណសែសិបប្រាំគីឡូក្រាម ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយគេជេរប្រមាថព្រះ ដោយសារគ្រោះកាចនៃការធ្លាក់ព្រឹលនោះ ព្រោះគ្រោះកាចនោះខ្លាំងក្រៃលែង។ |
© 2016 United Bible Societies
Bible Society in Cambodia