Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ណាហ៊ុម 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​អន្តរាយ​ខិត​ជិត​មក​ហើយ

1 វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម មាន​ពេញ​ដោយ​ការ​កុហក អំពើ​ឃោរឃៅ និង​ការលួច​ប្លន់​មិនឈប់​ឈរ

2 មាន​តែ​សូរ​រំពាត់ សូរ​សន្ធឹក​កង់ សូរ​សេះ​បោល និង​សូរ​រឃុក‌រឃាក់​នៃ​រទេះ​ចម្បាំង

3 ឃើញ​ទ័ព​សេះ​បោល និង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក សាក‌សព​គរ​លើ​គ្នា​យ៉ាង​ធំ ឃើញ​មាន​សាក​សព​នៅ​គ្រប់​កន្លែង

4 នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។

5 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នែ៎ យើង​ទាស់​នឹង​ឯង យើង​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន ឃើញ​កាយ​អាក្រាត និង​ឲ្យ​អស់​ទាំង​នគរ ឃើញ​កេរខ្មាស​របស់​ឯង។

6 ហើយយើង​នឹង​បោះ​អសោច​គួរ​ខ្ពើម​ទៅ​លើ​ឯង ឲ្យ​ឯង​ទៅ​ជា​ស្មោក‌គ្រោក រួច​នឹង​តាំង​ឯង​ឲ្យ​មនុស្ស​មើល​លេង

7 នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ឯង និង​គេច​រត់​ពី​ឯង​ទៅ ដោយ​ពាក្យ​ថា ក្រុង​នីនីវេ​បាន​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​ណា​នឹង​យំ​សោក តើ​នឹង​រក​អ្នក​ណាអាច​ជួយ​ដោះ​ទុក្ខ​ឯងបាន?

8 តើ​ឯង​វិសេស​ជាង​ក្រុង​ថេប ដែល​នៅ​ជាប់​ទាំង​ទន្លេ​នីលឬ? ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ ក៏​មាន​សមុទ្រ​ការពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី?

9 ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ ជា​កម្លាំង​របស់​គេ ហើយ​កម្លាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ

10 ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កម្ទេច​នៅ​តាម​ផ្លូវ ក៏​បាន​បោះ​ឆ្នោត​ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់

11 ឯង​នឹង​ត្រូវ​ស្រវឹង ឯង​នឹង​ត្រូវ​លាក់​ខ្លួន ហើយ​នឹង​ស្វែង​រក​ទី​ពឹង​ជ្រក​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដែរ។

12 អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ដូច​ជា​ដើម​ល្វា ដែល​មាន​ផ្លែ​ទុំ​ជា​ដំបូង បើ​អ្នក​ណា​អង្រួន នោះ​ផ្លែ​ក៏​ជ្រុះ​ចូល​ក្នុង​មាត់​របស់​អ្នក​ដែល​ស៊ី

13 មើល៍! ពួក​ឯង​នៅ​សល់​តែ​ស្រីៗ ទ្វារ​ស្រុក​ឯង​បើក​ចំហ​សម្រាប់​ខ្មាំង​សត្រូវ ភ្លើង​បាន​ឆេះ​រនុក​ឯង​អស់​ទៅ។

14 ចូរ​ដង​ទឹក​ទុក​សម្រាប់​ពេល​ដែល​សត្រូវ​ឡោម‌ព័ទ្ធ​ឯង​ចុះ ត្រូវ​រៀប​ចំ​បន្ទាយ​ឯង​ឲ្យ​មាំ‌មួន​ឡើង ចូរ​ចុះ​ទៅ​ជាន់​លាយ​ដី​ឥដ្ឋ ហើយ​ជួស‌ជុល​ឡ​ឥដ្ឋ​ឲ្យ​មាំ‌មួន

15 នៅ​ទី​នោះ​ភ្លើង​នឹង​ឆេះ​បន្សុស​ឯង ហើយ​នឹង​មាន​ដាវ​កាត់​ឯង គឺ​នឹង​ស៊ី​បង្ហិន​ឯង​ដូច​ជា​ដង្កូវ ចូរ​ចម្រើន​គ្នា​ឲ្យ​ច្រើន​ឡើង​ដូច​ជា​ដង្កូវ​ទៅ ត្រូវ​ឲ្យ​មាន​គ្នា​ច្រើន​ដូច​ជា​កណ្តូប​ផង

16 ឯង​បាន​ចម្រើន​ពួក​ជំនួញ​របស់​ឯង ឲ្យ​មាន​ច្រើន​ជាង​ផ្កាយ​នៅ​លើ​មេឃ តែ​ដង្កូវ​បាន​ស៊ី​បង្ហិន រួច​ទៅ​បាត់​ហើយ។

17 ពួក​ចៅ‌ហ្វាយ​របស់​ឯង​ប្រៀប​ដូច​ជា​ចង្រិត ហើយ​ពួក​មេ‌ទ័ព​របស់​ឯង​ក៏​ដូច​ជា​ហ្វូង​កណ្តូប ដែល​ទំ​នៅ​របង​ក្នុង​ពេល​ថ្ងៃ​រងា តែ​កាល​ណា​ថ្ងៃ​រះ​ឡើង នោះ​វា​ហើរ​បាត់​ទៅ ហើយ​កន្លែង​ដែល​ទៅ​ទំ​នៅ​នោះ គ្មាន​អ្នក​ណា​ដឹង​ទេ។

18 ឱ​ស្តេច​សាសន៍​អាស‌ស៊ើរ​អើយ ពួក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​សម្រាក រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​លើ​ភ្នំ ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ។

19 គ្មាន​អ្វី​ព្យាបាល​ឯងឲ្យ​បាត់​ឈឺ​ឡើយ ព្រោះ​របួស​ឯង​ធ្ងន់​ណាស់ អស់​អ្នក​ដែល​ឮ​ដំណឹង​ពី​ឯង គេ​ទះ​ដៃ​អរ ដ្បិត​តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​អំពើ​កំណាច របស់​ឯង​ជា‌និច្ច​នោះ»។:៚

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម