Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 2 - ព្រះគម្ពីរខ្មែរសាកល


ទីក្រុងនៃសេចក្ដីសុខសាន្ត

1 សេចក្ដី​ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ ទាក់ទងនឹង​យូដា និង​យេរូសាឡិម​:

2 នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​: ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​; ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។

3 ជាតិសាសន៍​ជាច្រើន​នឹង​មក ទាំង​ពោលថា​៖ “មក៍! យើង​នាំគ្នា​ឡើង​ទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា ទៅ​ដំណាក់​របស់​ព្រះ​នៃ​យ៉ាកុប ដើម្បីឲ្យ​ព្រះអង្គ​បង្រៀន​យើង​នូវ​មាគ៌ា​របស់ព្រះអង្គ នោះ​យើង​នឹង​បាន​ដើរ​តាម​គន្លង​របស់ព្រះអង្គ”។ ដ្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ស៊ីយ៉ូន ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នឹង​ចេញ​ពី​យេរូសាឡិម​។

4 ព្រះអង្គ​នឹង​ជំនុំជម្រះ​រវាង​ប្រជាជាតិ​ទាំងនោះ ហើយ​សម្រេចសេចក្ដី​ឲ្យ​ជាតិសាសន៍​ជាច្រើន នោះ​ពួកគេ​នឹង​ដំ​ដាវ​របស់ខ្លួន​ជា​ផាលនង្គ័ល ក៏​នឹង​ដំ​លំពែង​របស់ខ្លួន​ជា​កណ្ដៀវ​វិញ​។ ប្រជាជាតិ​មួយ​នឹង​មិន​លើក​ដាវ​ទាស់នឹង​ប្រជាជាតិ​មួយ​ទៀត​ឡើយ ក៏​មិន​រៀន​ធ្វើ​សឹកសង្គ្រាម​ទៀត​ដែរ​។


ថ្ងៃ​របស់​ព្រះអម្ចាស់

5 វង្សត្រកូល​យ៉ាកុប​អើយ មក៍! យើង​នាំគ្នា​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះយេហូវ៉ា​!

6 ព្រះអង្គ​បាន​បោះបង់ចោល​វង្សត្រកូល​យ៉ាកុប​ប្រជារាស្ត្រ​របស់ព្រះអង្គ ពីព្រោះ​ពួកគេ​ពេញ​ដោយទំនៀមទម្លាប់​ពី​ទិសខាងកើត គឺ​ពួកគេ​មើលជោគរាសី​ដូចជា​ជនជាតិភីលីស្ទីន ព្រមទាំង​ចងសម្ពន្ធមិត្ត​ជាមួយ​ជនបរទេស​។

7 ទឹកដី​របស់ពួកគេ​ពេញ​ដោយ​មាស និង​ប្រាក់ ហើយ​ទ្រព្យសម្បត្តិ​របស់ពួកគេ​គ្មាន​ដែនកំណត់​ឡើយ​; ទឹកដី​របស់ពួកគេ​ពេញ​ដោយ​សេះ ហើយ​រទេះចម្បាំង​របស់ពួកគេ​ក៏​គ្មាន​ដែនកំណត់​ដែរ​។

8 ទឹកដី​របស់ពួកគេ​ពេញ​ដោយ​រូបបដិមាករឥតប្រយោជន៍ ពួកគេ​ថ្វាយបង្គំ​ស្នាដៃ​របស់ខ្លួន ដែល​ម្រាមដៃ​របស់ខ្លួន​បាន​ធ្វើ​។

9 ដូច្នេះ មនុស្សលោក​ត្រូវបាន​បង្អោនចុះ មនុស្សជាតិ​ត្រូវបាន​បន្ទាបចុះ​។ សូម​កុំ​លើកលែងទោស​ឲ្យ​ពួកគេ​ឡើយ​!

10 ចូរ​ចូលទៅ​ក្នុង​ថ្មដា ចូរ​លាក់ខ្លួន​ក្នុង​ធូលីដី ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ​។

11 ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។

12 ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សម្រាប់​ទាស់នឹង​អស់អ្នក​ដែល​ក្រអឺតក្រទម និង​ឆ្មើងឆ្មៃ ព្រមទាំង​ទាស់នឹង​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នោះ​ពួកគេនឹងត្រូវបាន​បន្ទាបចុះ

13 គឺ​ទាស់នឹង​អស់ទាំង​ដើមស៊ីដា​នៃ​លីបង់ ដែល​ខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង ទាស់នឹង​អស់ទាំង​ដើមអូក​នៃ​បាសាន

14 ទាស់នឹង​អស់ទាំង​ភ្នំ​ខ្ពស់ ទាស់នឹង​អស់ទាំង​ទីទួល​ដែល​ត្រូវបាន​តម្កើងឡើង

15 ទាស់នឹង​អស់ទាំង​ប៉ម​ដ៏ខ្ពស់ ទាស់នឹង​អស់ទាំង​កំពែង​ដ៏រឹងមាំ

16 ទាស់នឹង​អស់ទាំង​នាវា​នៃ​តើស៊ីស ក៏​ទាស់នឹង​អស់ទាំង​សំពៅ​ដ៏ល្អប្រណិត​ដែរ​។

17 ភាពក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ

18 រីឯ​បណ្ដា​រូបបដិមាករឥតប្រយោជន៍​នឹង​បាត់​អស់រលីង​។

19 គេ​នឹង​ចូលទៅ​ក្នុង​រអាង​ថ្ម និង​ក្នុង​រូង​ដី ដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។

20 នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​បោះចោល​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​មាស និង​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​ប្រាក់​របស់ខ្លួន ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​ខ្លួនឯង​ដើម្បី​ថ្វាយបង្គំ​នោះ ទៅឲ្យ​សត្វកំពីងដូង និង​ប្រចៀវ

21 ដើម្បី​ចូលទៅ​ក្នុង​ក្រហែង​ថ្មដា និង​ក្នុង​ប្រឡោះ​ផ្ទាំងថ្ម គឺដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។

22 ចូរ​អ្នករាល់គ្នា​ឈប់​ទុកចិត្ត​លើ​មនុស្សលោក ដែល​មាន​ដង្ហើម​តាម​រន្ធច្រមុះ ដ្បិត​តើ​គេ​មានតម្លៃ​អ្វី​?​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម