សាការី 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាប្រាប់ខ្ញុំថា៖ «នេះជាបណ្ដាសាដែលត្រូវកើតទៅលើផែនដីទាំងមូល ផ្នែកម្ខាងនៃក្រាំងនោះ សរសេរថា អ្នកដែលលួចប្លន់នឹងត្រូវដកចេញ ហើយម្ខាងទៀតសរសេរថា អ្នកណាដែលស្បថបំពាន នឹងត្រូវដកចេញដែរ។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏ប្រាប់ខ្ញុំថា៖ “នេះជាបណ្ដាសាដែលចេញទៅលើផ្ទៃផែនដីទាំងមូល។ ដ្បិតតាមសំណេរម្ខាងនោះ អស់អ្នកដែលលួចនឹងត្រូវបានបំបាត់ចេញ ហើយតាមសំណេរម្ខាងទៀត អស់អ្នកដែលស្បថដោយកុហកនឹងត្រូវបានបំបាត់ចេញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទេវតាប្រាប់ខ្ញុំថា នេះជាសេចក្ដីបណ្តាសា ដែលផ្សាយចេញទៅលើផែនដីទាំងមូល ដ្បិតតាមក្រាំងនោះ អស់អ្នកដែលលួចប្លន់នឹងត្រូវកាត់ចេញ ហើយតាមក្រាំងនោះ អស់អ្នកណាដែលស្បថរំលាយខ្លួន នឹងត្រូវកាត់ចេញដែរ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។ |
អ្នកណាដែលចូលដៃជាមួយចោរ នោះឈ្មោះថាស្អប់ដល់ព្រលឹងខ្លួន វាឮគេដាក់បណ្ដាសាដល់ខ្លួន ប៉ុន្តែ មិនហ៊ានពោលតបឡើយ។
បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។
ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
ហេតុនោះ យើងបានបន្ទាបពួកមេនៃទីបរិសុទ្ធ ក៏បានប្រគល់ពួកយ៉ាកុបទៅឲ្យត្រូវបណ្ដាសា និងឲ្យពួកអ៊ីស្រាអែលត្រូវគេត្មះតិះដៀល»។
ចូរស្តាប់សេចក្ដីនេះចុះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹក របស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយចិត្តស្មោះ ឬដោយសុចរិតទេ។
ដ្បិតស្រុកនេះមានពេញដោយមនុស្ស ដែលប្រព្រឹត្តអំពើកំផិត ហើយស្រុកក៏យំសោក ដោយព្រោះបណ្ដាសា អស់ទាំងទីឃ្វាលសត្វនៅទីរហោស្ថាន បានហួតហែងអស់ហើយ គេរត់តាមតែសេចក្ដីអាក្រក់ ហើយគេប្រើអំណាចសម្រាប់តែការទុច្ចរិតទេ។
នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងសាសន៍នៅផែនដីផង។
ទោះបើគេថា គេស្បថដោយព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅក៏ដោយ គង់តែគេស្បថដោយភូតភរទេ
តើអ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលអ្នកមិនបានស្គាល់ពីដើម
កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានដៃមួយលូកមកដល់ខ្ញុំ ក៏ឃើញក្រាំងមួយនៅក្នុងដៃនោះ។
អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។
ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះយើង ទាំងបង្អាប់ដល់ព្រះនាមរបស់អ្នកឡើយ យើងនេះជាព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។
កុំឲ្យអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតយើងស្អប់អំពើទាំងអស់នេះណាស់» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
លោកនឹងបង្វែរចិត្តឪពុកមករកកូន និងចិត្តកូនមករកឪពុកវិញ ក្រែងយើងមកវាយផែនដីដោយបណ្ដាសា »។:៚ សញ្ញាចាស់ចប់ប៉ុណ្ណេះ
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ
ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។
មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។
យើងត្រូវប្រព្រឹត្តនឹងគេដូច្នេះវិញ គឺទុកឲ្យគេនៅរស់ចុះ ក្រែងមានសេចក្ដីក្រោធធ្លាក់មកលើយើង ដោយព្រោះតែសម្បថដែលយើងបានស្បថនឹងគេ»។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។