សាការី 5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រួចមក ខ្ញុំងើបភ្នែកឡើងម្តងទៀត ក្រឡេកមើលឃើញក្រាំង១ដែលកំពុងហោះ 2 ទេវតាក៏សួរមកខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំតបថា ឃើញក្រាំង១កំពុងហោះ មានបណ្តោយ២០ហត្ថ ហើយទទឹង១០ហត្ថ 3 នោះទេវតាប្រាប់ខ្ញុំថា នេះជាសេចក្ដីបណ្តាសា ដែលផ្សាយចេញទៅលើផែនដីទាំងមូល ដ្បិតតាមក្រាំងនោះ អស់អ្នកដែលលួចប្លន់នឹងត្រូវកាត់ចេញ ហើយតាមក្រាំងនោះ អស់អ្នកណាដែលស្បថរំលាយខ្លួន នឹងត្រូវកាត់ចេញដែរ 4 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញនឹងឲ្យសេចក្ដីបណ្តាសានោះផ្សាយចេញទៅ នោះនឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថកុហកដោយនូវឈ្មោះអញ ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ នឹងថ្មផង។ 5 លំដាប់នោះ ទេវតាដែលពោលនឹងខ្ញុំ ក៏ចេញទៅដោយប្រាប់ខ្ញុំថា ចូរងើបភ្នែកឯងឡើងឥឡូវ ដើម្បីនឹងមើលអ្វីៗដែលចេញទៅនោះ 6 ខ្ញុំក៏សួរថា តើជាអ្វី រួចទេវតាប្រាប់ថា នេះគឺជារង្វាល់ដែលចេញទៅ ក៏ប្រាប់ទៀតថា នេះជារូបភាពរបស់គេ នៅពេញក្នុងស្រុកនេះ 7 រួចឃើញមានគេលើកសំណទំងន់១ហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ 8 ទេវតាប្រាប់ថា នេះគឺជាអំពើអាក្រក់ រួចក៏សង្កត់នាងចុះទៅក្នុងរង្វាល់ ព្រមទាំងដាក់ដុំសំណនោះ គ្របនៅមាត់រង្វាល់ផង 9 នោះខ្ញុំបានងើបភ្នែកឡើងក្រឡេកទៅ ឃើញមានស្ត្រី២នាក់ចេញមក មានស្លាបដូចជាកុក ដែលជក់ដោយខ្យល់ គេក៏លើករង្វាល់នោះឡើង នៅកណ្តាលផែនដី នឹងផ្ទៃមេឃ 10 រួចខ្ញុំសួរដល់ទេវតាដែលពោលនឹងខ្ញុំថា ស្ត្រីទាំង២នេះនាំយករង្វាល់ទៅឯណា 11 ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia