អេសេគាល 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦និមិត្តអំពីក្រាំង 1 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្ស អើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ 2 ពេលព្រះអង្គកំពុងមានព្រះបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង ខ្ញុំក៏ឮព្រះអង្គមានព្រះបន្ទូលមកខ្ញុំ 3 ព្រះអង្គមានព្រះបន្ទូលថា៖ «កូនមនុស្សអើយ យើងចាត់អ្នកឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងយើង ទោះទាំងខ្លួនគេ និងបុព្វបុរសរបស់គេ ក៏បានរំលងទាស់នឹងយើង រហូតដល់ថ្ងៃនេះ។ 4 គេជាកូនក្បាលរឹង ចិត្តខែង គឺពួកអ្នកនោះដែលយើងចាត់អ្នកទៅ ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ។ 5 ទោះបើគេស្តាប់ ឬមិនស្ដាប់ក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរាមួយបានមកក្នុងពួកគេហើយ។ 6 ឯអ្នក កូនមនុស្សអើយ កុំខ្លាចគេឡើយ ក៏កុំខ្លាចចំពោះពាក្យសម្ដីរបស់គេដែរ ទោះបើមានបន្លា និងអញ្ចាញមកទាស់នឹងអ្នក ហើយអ្នកមានទីអាស្រ័យនៅកណ្ដាលពួកខ្យាដំរីក៏ដោយ កុំខ្លាចពាក្យសម្ដីគេឲ្យសោះ ក៏កុំស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ។ 7 អ្នកត្រូវថ្លែងពាក្យរបស់យើងប្រាប់គេ ទោះបើគេព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។ 8 ប៉ុន្តែ អ្នក កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលយើងប្រាប់អ្នកចុះ អ្នកកុំមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលយើងឲ្យដល់អ្នក»។ 9 កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានដៃមួយលូកមកដល់ខ្ញុំ ក៏ឃើញក្រាំងមួយនៅក្នុងដៃនោះ។ 10 ព្រះអង្គក៏បើកក្រាំងនោះនៅមុខខ្ញុំ ឃើញមានសរសេរទាំងខាងក្នុង និងខាងក្រៅ មានកត់ទុកសុទ្ធតែពាក្យទំនួញ ពាក្យសោកសៅ និងសេចក្ដីវេទនា។ |
© 2016 United Bible Societies
Bible Society in Cambodia