លោកុប្បត្តិ 25:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកបានទូលអង្វរដល់ព្រះយេហូវ៉ា សូមឲ្យព្រះអង្គប្រោសប្រណីដល់ប្រពន្ធរបស់លោក ព្រោះនាងជាស្ត្រីអារ។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់លោក រួចហើយនាងរេបិកាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកអធិស្ឋានទៅព្រះយេហូវ៉ាសម្រាប់ប្រពន្ធរបស់គាត់ ពីព្រោះនាងជាស្ត្រីអារ នោះព្រះយេហូវ៉ាក៏ប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់គាត់ ហើយរេបិកាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកបានទូលអង្វរ សូមព្រះអម្ចាស់ប្រោសប្រណីភរិយារបស់លោក ដ្បិតនាងជាស្ត្រីអារ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោក ហើយលោកស្រីរេបិកាក៏មានផ្ទៃពោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកគាត់សូមអង្វរដល់ព្រះយេហូវ៉ាពីដំណើរប្រពន្ធគាត់ ពីព្រោះនាងជាស្ត្រីអារ ហើយព្រះយេហូវ៉ាទ្រង់ទទួលព្រមតាម រួចនាងក៏មានទំងន់ អាល់គីតាប អ៊ីសាហាក់បានអង្វរ សូមអុលឡោះតាអាឡាប្រោសប្រណីភរិយារបស់គាត់ ដ្បិតនាងជាស្ត្រីអារ។ អុលឡោះតាអាឡាស្តាប់ពាក្យអង្វររបស់គាត់ ហើយរ៉ហ្វ៊ីកាក៏មានផ្ទៃពោះ។ |
ហើយលោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «មើល៍! ព្រះយេហូវ៉ាបានបង្ខាំងមិនឲ្យខ្ញុំមានកូនទេ ដូច្នេះ សូមលោកអញ្ជើញចូលទៅឯស្រីបម្រើរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារនាង»។ លោកអាប់រ៉ាមក៏ស្តាប់តាមពាក្យរបស់លោកស្រីសារ៉ាយ។
ពេលនោះ ព្រះទ្រង់នឹកចាំពីនាងរ៉ាជែល ហើយព្រះស្ដាប់តាមនាង ព្រមទាំងប្រោសឲ្យនាងអាចបង្កើតកូនបាន។
ហើយពេលគេបានទទួលជំនួយ ទាស់នឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្ដាប់ដៃគេ ព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចម្បាំង ព្រះអង្គក៏ជួយ ដោយព្រោះគេបានទីពឹងព្រះអង្គ។
ស្ដេចក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកគ្រងរាជ្យក្នុងក្រុងយេរូសាឡិមវិញ។ ដូច្នេះ ទើបម៉ាណាសេបានជ្រាបថា ព្រះយេហូវ៉ាជាព្រះពិត។
ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។
ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្ដីដែលមនុស្សសុចរិត ប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។
ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «ចូរសួរយើងពីអស់ទាំងការដែលត្រូវមកនៅពេលខាងមុខចុះ តើអ្នកនឹងបង្គាប់យើងពីដំណើរពួកកូនរបស់យើង និងពីកិច្ចការដែលដៃរបស់យើងធ្វើឬ?
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។
លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។
រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។
នោះលោកអេលីឆ្លើយថា៖ «ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមព្រះនៃសាសន៍អ៊ីស្រាអែលប្រោសឲ្យនាងបានសម្រេចដូចដែលបានសូមពីព្រះអង្គចុះ»។
គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។
គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន