Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 65 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អរ​ព្រះ​គុណ​ដោយ​ព្រោះ​ភាព​សម្បូរណ៍​សប្បាយនៅ​ផែន​ដី
ទំនុក​ជា​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 ឱ​ព្រះ​អើយ ការ​សរសើររង់​ចាំ​ព្រះ‌អង្គ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គេ​នឹង​លា​បំណន់​ចំពោះ​ព្រះ‌អង្គ

2 ឱ​ព្រះ​ដែល​ស្តាប់ពាក្យ​អធិស្ឋាន​អើយ! អស់​ទាំង​មនុស្ស នឹងចូល​មករក​ព្រះ‌អង្គ។

3 កាល​អំពើ​ទុច្ចរិត​ឈ្នះ​ទូល‌បង្គំ ព្រះ‌អង្គ​ជម្រះ​អំពើ​រំលង​ឲ្យ​យើង​ខ្ញុំ។

4 មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

5 ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ឆ្លើយ​តប​យើង​ខ្ញុំ ដោយ​ឫទ្ធិ​បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​ជា​សេចក្ដី​សង្ឃឹម ដល់​អស់​ទាំង​ចុង​បំផុត​ផែនដី និង​ដល់​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ

6 ព្រះ‌អង្គ​បាន​តាំង​ភ្នំ​ទាំង​ឡាយ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព

7 ព្រះ‌អង្គ​ធ្វើ​ឲ្យ​សូរ​សន្ធឹក នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង គឺ​សូរ​សន្ធឹក​នៃ​រលក ការ​ច្របូក​ច្របល់​របស់​ប្រជាជន

8 ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​រស់​នៅ​ឯ​ចុង​បំផុត​ផែន​ដី ស្ញែង​ខ្លាច​ដោយ​ឃើញ ទី​សម្គាល់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ។

9 ព្រះ‌អង្គ​ថែ‌រក្សា​ផែន​ដី ហើយក៏​ស្រោច​ស្រព ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន​ដី​មាន​ភោគ​ផល សម្បូរ​ហូរ​រហៀរ ទន្លេ​របស់​ព្រះ​មាន​ពោរ​ពេញ​ទៅ​ដោយ​ទឹក ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យ​គេ​មាន​ស្រូវ ដ្បិត​ព្រះ‌អង្គ​បាន​រៀបចំ​ផែនដី​មក​ដូច្នេះ។

10 ព្រះ‌អង្គ​ស្រោច​គន្លង​ផែន​ដី​ជា​បរិបូរ ក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ​ដុះ​ឡើង។

11 ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ ប្រកប​ដោយ​ភាព​សម្បូរណ៍សប្បាយ ហើយ​ផ្លូវ​រាជ​រថ​ព្រះ‌អង្គ​ក៏​ហូរ​ហៀរ ដោយ​ភោគ​ផល​បរិបូរ​ដែរ។

12 វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​មាន​សំណើម​ហូរហៀរ ហើយ​ភ្នំ​នានា​ក៏​ហ៊ុម​ព័ទ្ធ​ដោយ​អំណរ​ដែរ

13 វាល​ស្មៅ​ប្រដាប់​ខ្លួន​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​តាក់​តែង​ខ្លួន​ដោយ​ស្រូវ​ដេរ​ដាស ទី​ទាំង​នោះ​ស្រែក​ច្រៀង​ព្រម​គ្នា​ដោយ​អំណរ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម