លោកុប្បត្តិ 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កំណើតអ៊ីសម៉ាអែល 1 រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ 2 ហើយលោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «មើល៍! ព្រះយេហូវ៉ាបានបង្ខាំងមិនឲ្យខ្ញុំមានកូនទេ ដូច្នេះ សូមលោកអញ្ជើញចូលទៅឯស្រីបម្រើរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារនាង»។ លោកអាប់រ៉ាមក៏ស្តាប់តាមពាក្យរបស់លោកស្រីសារ៉ាយ។ 3 ដូច្នេះ ក្រោយពីលោកអាប់រ៉ាមរស់នៅស្រុកកាណានបានដប់ឆ្នាំ លោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម បានប្រគល់នាងហាការជាសាសន៍អេស៊ីព្ទ ដែលជាបាវបម្រើរបស់ខ្លួន ទៅឲ្យលោកអាប់រ៉ាមជាប្ដី ធ្វើជាប្រពន្ធ។ 4 លោកបានចូលទៅឯនាងហាការ ហើយនាងក៏មានទម្ងន់។ កាលនាងដឹងថាខ្លួនមានទម្ងន់ដូច្នេះ នាងមានចិត្តមើលងាយចៅហ្វាយរបស់ខ្លួន។ 5 លោកស្រីសារ៉ាយពោលទៅលោកអាប់រ៉ាមថា៖ «សូមឲ្យកំហុសរបស់ខ្ញុំធ្លាក់ទៅលើលោកចុះ! ខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅលោកឱប ឥឡូវនេះ កាលវាដឹងថាមានទម្ងន់ហើយ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងលោកនឹងខ្ញុំចុះ!»។ 6 ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។ 7 ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។ 8 ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។ 9 ទេវតារបស់ព្រះយេហូវ៉ាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ ហើយចុះចូលនឹងគាត់ទៅ»។ 10 ទេវតារបស់ព្រះយេហូវ៉ាក៏ពោលទៅនាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជរបស់នាងមានចំនួនច្រើនឥតគណនា គ្មានអ្នកណាអាចរាប់បានឡើយ»។ 11 ទេវតារបស់ព្រះយេហូវ៉ាពោលមកនាងទៀតថា៖ «មើល៍! នាងមានទម្ងន់ហើយ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮពីទុក្ខលំបាក របស់នាងហើយ។ 12 កូននេះនឹងបានដូចជាលាព្រៃ នៅកណ្ដាលមនុស្ស ដៃរបស់វាបានទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ ក៏ទាស់នឹងវាវិញដែរ ហើយវានឹងតាំងទីលំនៅ នៅមុខបងប្អូនទាំងអស់របស់វា»។ 13 ពេលនោះ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលមានព្រះបន្ទូលមកនាងថា «ព្រះអង្គជាព្រះដែលទតឃើញ » ដ្បិតនាងពោលថា៖ «នៅទីនេះ ខ្ញុំបានឃើញព្រះដែលទ្រង់ទតឃើញខ្ញុំ»។ 14 ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថា អណ្ដូងឡាហាយ-រយ អណ្ដូងនោះនៅចន្លោះកាដេស និងបារែដ។ 15 នាងហាការបានបង្កើតកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលហាការបង្កើតនោះថា "អ៊ីសម៉ាអែល"។ 16 នៅពេលនាងហាការបង្កើតអ៊ីសម៉ាអែលឲ្យលោកអាប់រ៉ាម លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។ |
© 2016 United Bible Societies
Bible Society in Cambodia