រ៉ូម 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ ព្រះគម្ពីរខ្មែរសាកល ពោលគឺ តាំងពីការនិម្មិតបង្កើតពិភពលោកមកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះដែលយើងមើលមិនឃើញ គឺព្រះចេស្ដាដ៏អស់កល្បរបស់ព្រះអង្គ និងលក្ខណៈជាព្រះ ត្រូវគេឃើញច្បាស់ ហើយត្រូវគេយល់ តាមរយៈអ្វីៗដែលបានបង្កើតមក ធ្វើឲ្យគេមិនអាចដោះសាបានឡើយ។ Khmer Christian Bible តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក អាល់គីតាប លក្ខណៈដ៏ប្រសើរបំផុតរបស់អុលឡោះដែលមនុស្សមើលពុំឃើញ គឺអំណាចដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ទ្រង់ជាម្ចាស់ក្ដី អុលឡោះបានសំដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះនៅពេលណាដែលគេរិះគិតអំពីស្នាដៃរបស់ទ្រង់។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ |
លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។
ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង
៙ សូមឲ្យសិរីល្អរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរអស់កល្បជានិច្ច សូមឲ្យព្រះយេហូវ៉ារីករាយ នឹងស្នាព្រះហស្តរបស់ព្រះអង្គ
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅស្ថិតស្ថេរដល់មនុស្សគ្រប់ជំនាន់តរៀងទៅ ព្រះអង្គបានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។
ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន
មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ចូរងើយភ្នែកអ្នកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ព្រះអង្គក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។
ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។
ឱជនជាតិល្ងីល្ងើ ហើយឥតយោបល់ ជាពួកអ្នកដែលមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮអើយ ចូរស្តាប់សេចក្ដីនេះឥឡូវចុះ។
គឺព្រះអង្គដែលបានបង្កើតផែនដី ដោយសារព្រះចេស្តា ព្រះអង្គក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ព្រះអង្គ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ព្រះអង្គ។
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ។
ប្រសិនបើខ្ញុំមិនបានមកនិយាយប្រាប់គេ នោះគេឥតមានបាបទេ តែឥឡូវនេះ គេគ្មានអ្វីដោះសាអំពើបាបរបស់ខ្លួនឡើយ។
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
«អ្នករាល់គ្នាជាបងប្អូន និងជាឪពុកអើយ សូមស្តាប់ពាក្យស្រាយបំភ្លឺរបស់ខ្ញុំសិន!»។
ដ្បិតអ្វីដែលគេអាចស្គាល់ពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ព្រោះព្រះបានបង្ហាញឲ្យគេឃើញ។
តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។
គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា
តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ?
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។
ព្រះអង្គជារូបអង្គព្រះដែលមើលមិនឃើញ ជាកូនច្បងនៃអ្វីៗទាំងអស់ ដែលព្រះបានបង្កើតមក
សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។
ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីព្ទ ដោយមិនខ្លាចស្តេចខ្ញាល់ឡើយ ដ្បិតលោកសុខចិត្តស៊ូទ្រាំ ហាក់ដូចជាឃើញព្រះ ដែលមនុស្សពុំអាចមើលឃើញ។
នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។