យ៉ូអែល 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។ អាល់គីតាប «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។ |
ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
ចូរច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា ដែលគង់នៅក្រុងស៊ីយ៉ូន! ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ ពីស្នាព្រះហស្តរបស់ព្រះអង្គ!
«យើងបានឮពាក្យរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា "នៅពេលព្រលប់ អ្នករាល់គ្នានឹងបានបរិភោគសាច់ ហើយនៅពេលព្រឹក នឹងបានចម្អែតដោយនំបុ័ង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា"»។
វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺមនុស្សនៅក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់ទាំងអស់។
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់យើងក៏មិនបង្អង់ដែរ យើងនឹងតាំងសេចក្ដីសង្គ្រោះរបស់យើងនៅក្រុងស៊ីយ៉ូន សម្រាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់យើង។
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់អ្នក ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងអ្នកទៀតឡើយ។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ កាលណាយើងនាំពួកគេ ដែលជាឈ្លើយមកវិញ នៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់អ្នក
ឯច្រកភ្នំទាំងមូលនៃសាកសព និងផេះ ព្រមទាំងចម្ការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ មិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «នៅលើភ្នំបរិសុទ្ធរបស់យើង គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល ពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់យើងគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះយើងនឹងទទួលគេ ហើយនៅទីនោះយើងសុខចិត្តទទួលតង្វាយរបស់អ្នករាល់គ្នា និងផលដំបូងពីតង្វាយអ្នក ព្រមទាំងគ្រឿងបរិសុទ្ធរបស់អ្នករាល់គ្នាទាំងអស់ដែរ។
យើងនឹងដាក់ឲ្យមានសរសៃ ធ្វើឲ្យមានសាច់ដុះលើអ្នករាល់គ្នា ហើយគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានជីវិតរស់ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត នេះជាច្បាប់នៃព្រះវិហារ»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មិនត្រូវឲ្យមានសាសន៍ដទៃណាមួយ ក្នុងពួកសាសន៍ដទៃដែលនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែល ជាអ្នកដែលមិនទទួលកាត់ស្បែកខាងចិត្ត និងខាងរូបសាច់ បានចូលទៅក្នុងទីបរិសុទ្ធរបស់យើងឡើយ។
ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚
ស្ដេចនឹងដំឡើងពន្លាជារាជដំណាក់នៅកណ្ដាលសមុទ្រ ហើយនៅជិតភ្នំបរិសុទ្ធដ៏រុងរឿង ប៉ុន្តែ ជីវិតស្ដេចនោះចូលដល់ចុងបញ្ចប់ ឥតមានអ្នកណាជួយឡើយ។
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ព្រះអង្គ សូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតក្រុងយេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅជុំវិញយើងខ្ញុំ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំ។
អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
យើងនឹងសងសឹកឲ្យឈាមរបស់គេ គឺឈាមដែលយើងមិនទាន់បានសងសឹកឲ្យនៅឡើយ ដ្បិតព្រះយេហូវ៉ាគង់នៅក្រុងស៊ីយ៉ូន។:៚
ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។
មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែល ដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីង»។
យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។