Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ប្រសាសន៍​របស់​លោក​អេលី‌ផាស៖ លោក​យ៉ូប​បាត់​បង់​ជំនឿ

1 អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖

2 «តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ?

3 តើ​គួរ​នឹង​ជជែក​ដោយ​សម្ដី​ឥត​ប្រយោជន៍ ឬ​ដោយ​ពាក្យ​អធិប្បាយ ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ?

4 អើ អ្នក​បំផ្លាញ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្ដី​នឹក​ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង។

5 ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សម្ដី របស់​មនុស្ស​ឧបាយ​អាក្រក់។

6 គឺ​មាត់​របស់​អ្នក​កាត់​ទោស​ដល់​ខ្លួន​ហើយ មិន​មែន​ជា​ខ្ញុំ​ទេ អើ បបូរ​មាត់​របស់​អ្នក ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។

7 តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ? តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ?

8 តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ? តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​មួយ​ទេ ដែល​មាន​ប្រាជ្ញា?

9 តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ? ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​នោះ?

10 ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​សក់​ស្កូវ និង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត។

11 តើ​អ្នក​រាប់​ការ​កម្សាន្ត​របស់​ព្រះ​ថា​តូច​តាច​ពេក ឬ​ជា​ពាក្យ​ផ្អែម​ពី​រោះ​សម្រាប់​អ្នក?

12 ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ?

13 ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក?

14 តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ? តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី អាច​សុចរិត​ម្ដេច​បាន?

15 មើល៍ ព្រះ‌អង្គ​មិន​ទុក​ចិត្ត នឹង​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដែរ

16 ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។

17 ខ្ញុំ​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី ដែល​ខ្ញុំ​បាន​ឃើញ​ហើយ

18 គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​បុព្វ‌បុរស​គេ ឥត​លាក់​ទុក​ឡើយ

19 ជា​ពួក​តែ​មួយ​ដែល​បានគ្រង​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។

20 គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​មួយ​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក សម្រាប់​មនុស្ស​គំហក‌កំហែង។

21 មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។

22 គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ។

23 គេ​ដើរ​ចេញ​ទៅ​ទី​នេះ​ផង ទៅ​ទី​នោះ​ផង រក​អាហារ​បរិ‌ភោគ​ទាំង​សួរ​ថា "តើ​នៅ​ឯ​ណា"? គេ​ស្មាន​ប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ

24 មាន​ទុក្ខ​លំបាក និង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង។

25 ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

26 គេ​រត់​ឆ្ពោះ​ទៅ​ទាស់​នឹង​ព្រះ‌អង្គ ហើយ​មាន​ខែល​បាំង​យ៉ាង​ក្រាស់

27 ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង

28 គេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ

29 គេ​នឹង​មិន​ដែល​បាន​ជា​អ្នក​មាន ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ឯ​ធន‌ធាន​របស់​គេ ក៏​មិន​បាន​ដុះ‌ដាល នៅ​ផែនដី​ឡើយ

30 គេ​នឹង​ចេញ​ពី​សេចក្ដី​ងងឹត​មិន​រួច អណ្ដាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ​ដោយ​សារ​ខ្យល់។

31 កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ នឹង​បាន​ជា​រង្វាន់​ដល់​គេ។

32 ការ​នោះ​នឹង​បាន​សម្រេច មុន​ពេល​កំណត់​របស់​គេ ហើយ​មែករបស់​គេ​នឹង​មិន​បាន ខៀវ​ស្រស់​ទៀត​ទេ។

33 គេ​នឹង​រលាស់​ជម្រុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ។

34 ដ្បិត​ពួក​មនុស្ស​ទមិឡ​ល្មើស នឹង​កើត​ផល​មិន​បាន ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅ របស់​ពួក​ដែល​ស៊ី​សំណូក​ផង។

35 គេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សម្រាល​ចេញ​មក​ជា​អំពើ​ទុច្ចរិត ហើយ​ចិត្ត​គេ​តែង‌តែ​រៀបចំ គម្រោង​ការអាក្រក់»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម