ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 50:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ចៀម​ដែល​ត្រូវ​ប្រដេញ​កម្ចាយ ពួក​សិង្ហ​បាន​ដេញ​កម្ចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ បន្ទាប់​មក នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេង ដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំ មុន​ដំបូង ស្ដេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រា‌អែល បន្ទាប់​មក នេប៊ូ‌ក្នេសា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហែក​ស៊ី និង​កម្ទេច​ឆ្អឹង​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ៊ីស្រាអែល គេ​ប្រៀប​ដូច​ជា​ចៀម ដែល​ត្រូវ​ប្រដេញ​កំចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កំចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាសស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ ជា​ខាង​ក្រោយ

សូមមើលជំពូក

អាល់គីតាប

អ៊ីស្រ‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេង ដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំ មុន​ដំបូង ស្ដេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រ‌អែល បន្ទាប់​មក នេប៊ូ‌ក្នេសា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហែក​ស៊ី និង​កំទេច​ឆ្អឹង​អ៊ីស្រ‌អែល។

សូមមើលជំពូក



យេរេមា 50:17
38 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ទន្ទ្រាន​ចូល​ក្នុង​ស្រុក ហើយ​មណា‌ហិម ទ្រង់​ថ្វាយ​ប្រាក់​មួយ​ពាន់​ហាប​ដល់​ពូល ឲ្យ​បាន​ពួត​ដៃ​ជួយ​ឲ្យ​រាជ្យ​បាន​ខ្ជាប់‌ខ្ជួន​នៅ​ក្នុង​អំណាច​ខ្លួន។


នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ។


នៅ​ក្នុង​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ព្រះ‌បាទនេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​មក ព្រះបាទ​យេហូយ៉ាគីម​បាន​ចុះ​ចូល​ជា​អ្នក​បម្រើ​របស់​នេប៊ូក្នេសា​អស់​រយៈ​ពេល​បី​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ។


នៅ​គ្រា​នោះ ពួក​ពល‌ទ័ព​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។


បន្ទាប់​មក ព្រះបាទ​សេដេ‌គា​បាន​បះ‌បោរ​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន ហើយ​ដល់​ឆ្នាំ​ទី​ប្រាំបួន ក្នុង​រាជ្យ​ស្ដេច នៅ​ថ្ងៃទី​ដប់ ខែ​ទី​ដប់ ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​នាំ​ទាំង​ពួក​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​បាន​ធ្វើ​បន្ទាយ​នៅ​ព័ទ្ធ​ជុំ‌វិញ។


គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចម្រើន​កម្លាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាស‌ស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ព្រះបាទ​ម៉ាណា‌សេ​ដាក់​ខ្នោះ ដាក់​ច្រវាក់ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


ឯ​ទឹក​នៃ​ក្រុង​ឌីម៉ូន បាន​ពេញ​ទៅ​ដោយ​ឈាម ពី​ព្រោះ​យើង​នឹង​នាំ​សេចក្ដី​វេទនា មក​លើក្រុង​ឌីម៉ូន​ទៀត គឺ​ជា​សត្វ​សិង្ហ​ឲ្យ​ស្ទុះ​លើ​ពួក​ម៉ូអាប់​ដែល​រត់​រួច​បាន ហើយ​លើ​ពួក​ដែល​សល់​នៅ​ក្នុង​ស្រុក​ដែរ។


យើង​បាន​ក្រោធ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​ឲ្យ​មត៌ក​យើង​ត្រូវ​ទាប​ចុះ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ឯ​អ្នក​មិន​បាន​អាណិត​មេត្តា​ដល់​គេ​ទេ អ្នក​បាន​ដាក់​នឹម​អ្នក​ទៅ​លើ​ពួក​ចាស់ៗ​យ៉ាង​ធ្ងន់។


សូម​ព្រះ‌អង្គ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ព្រះ‌អង្គ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស ដែល​មិន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់ ហើយ​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។


កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ លំដាប់​នោះ យើង​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហាតលិក និង​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពី​អាសន្ន‌រោគ ពី​ដាវ និង​ពី​អំណត់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ ដោយ​មុខ​ដាវ ឥត​ប្រណី ឥត​មេត្តា ឥត​អាណិត‌អាសូរ​ឡើយ។


មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។


មើល៍ នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​យើង​នឹង​តម្រូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​យើង​បាន?»។


គេ​នឹង​ស៊ី​ផល​ចម្រូត និង​អាហារ​របស់​អ្នក​អស់ ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​អ្នក ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​អ្នក ហើយ​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​អ្នក​ដែរ។ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​នោះ ដោយ‌សារ​ដាវ។


ដូច្នេះ សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សម្លាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​សម្ងំ​ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច​ខ្ទី ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា​ថយ​របស់​គេ ក៏​មាន​ច្រើន​ដែរ។


រាស្ត្រ​របស់​យើង​ជា​ហ្វូង​ចៀម​ដែល​វង្វេង​បាត់ ពួក​គង្វាល​របស់​គេ​បាន​បណ្ដាល​ឲ្យ​គេ​វង្វេង​ទៅ ក៏​បាន​បំបែរ​គេ​ចេញ​នៅ​លើ​ភ្នំ គេ​បាន​ដើរ​ពី​ភ្នំ​ធំ ចុះ​ទៅ​ដល់​ភ្នំ​តូច ហើយ​បាន​ភ្លេច​ក្រោល​របស់​គេ។


គេ​នឹង​ស្រែក​ជា‌មួយ​គ្នា ដូច​ជា​សិង្ហ​ស្ទាវ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ។


ពេល​ព្រះបាទ​សេដេគា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មម្ភៃ​មួយ​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​គ្រប់​ដប់មួយ​ឆ្នាំ មាតា​ព្រះនាម​ថា​ហាមូថាល ជា​បុត្រី​យេរេមា ដែល​នៅ​ក្រុង​លិបណា។


គង្វាល​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា‌មួយ​ហ្វូង​ចៀម​ដែល​ខ្ចាត់‌ខ្ចាយ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​យើង ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កម្ចាត់‌កម្ចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ‌មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ។


បន្ទាប់​មក ស្ដេច​ចេញ​បញ្ជា ហើយ​គេ​ក៏​នាំ​អស់​អ្នក​ដែល​ចោទ​ប្ដឹង​ដានី‌យ៉ែល យក​ទៅបោះ​ក្នុង​រូង​សិង្ហ​វិញ គឺ​ទាំង​ខ្លួន​គេ និង​ប្រពន្ធ​កូន​របស់​គេ​ផង។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង សិង្ហ​ទាំង‌នោះ​ក៏​មាន​អំណាច​លើ​គេ ហើយ​បំបាក់​ឆ្អឹង​របស់​គេ​ខ្ទេច‌ខ្ទី​អស់។


នោះ​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់ ហើយ​នាំ​គេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក‌គេ ដោយ​ព្រោះ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង ដែល​គេ​កម្ចាត់​កម្ចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​គេ​បាន​បែង​ចែក​ទឹក​ដី​របស់​យើង។


ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​រក​គង្វាល និង​អ្នក​ថែរក្សា​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។