អេសាយ 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់ 1 នោះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីស្រុកម៉ូអាប់ ពីព្រោះនៅក្នុងយប់មួយ ក្រុងអើររបស់ស្រុកម៉ូអាប់ នឹងត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅ ហើយដោយព្រោះនៅក្នុងយប់មួយ ក្រុងគាររបស់ស្រុកម៉ូអាប់ ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ 2 គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់ទ្រហោពិលាបនឹងក្រុងនេបូរ និងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។ 3 នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ និងនៅទីធ្លា គេយំសោយសោក 4 ក្រុងហែសបូន និងក្រុងអេលាលេ នាំគ្នាស្រែកឡើង សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពួកទាហានរបស់ម៉ូអាប់ គេស្រែកជាខ្លាំង បេះដូងគេញ័រក្នុងខ្លួន។ 5 ចិត្តខ្ញុំក៏ស្រែកឡើងនឹងម៉ូអាប់ដែរ ពួកគេដែលរត់យោងខ្លួន ក៏រត់រហូតដល់ក្រុងសូអារ ដូចជាគោឈ្មោលអាយុបីខួប គេដើរទៅទាំងយំតាមផ្លូវ ឡើងទៅឯក្រុងលូគីត គេស្រែកប្រកាសពីការបំផ្លាញ តាមផ្លូវទៅឯក្រុងហូរ៉ូណែម 6 ពីព្រោះកន្លែងមានទឹករបស់ក្រុងនីមរីម នឹងត្រូវចោលស្ងាត់ ឯស្មៅនឹងក្រៀមស្វិត ហើយស្មៅខ្ចីនឹងរួញទៅវិញ ឥតមានអ្វីខៀវខ្ចីឡើយ។ 7 ដូច្នេះ គេនឹងប្រមូលរបស់ទ្រព្យ ដែលគេបានទាំងប៉ុន្មាន ហើយដែលគេបានសន្សំទុក ឆ្លងជ្រោះដើមចាកទៅ។ 8 ពីព្រោះសម្រែកបានឮព័ទ្ធជុំវិញ ព្រំប្រទល់ស្រុកម៉ូអាប់ហើយ សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងប្អៀរ-អេលីម។ 9 ឯទឹកនៃក្រុងឌីម៉ូន បានពេញទៅដោយឈាម ពីព្រោះយើងនឹងនាំសេចក្ដីវេទនា មកលើក្រុងឌីម៉ូនទៀត គឺជាសត្វសិង្ហឲ្យស្ទុះលើពួកម៉ូអាប់ដែលរត់រួចបាន ហើយលើពួកដែលសល់នៅក្នុងស្រុកដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia