ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ និងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ក៏ចុះចូលនឹងព្រះបាទសាឡូម៉ូនទាំងអស់ដែរ។
យេរេមា 50:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសម្រាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសំរាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង អាល់គីតាប ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតអុលឡោះតាអាឡាសងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។ |
ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ និងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ក៏ចុះចូលនឹងព្រះបាទសាឡូម៉ូនទាំងអស់ដែរ។
ឥឡូវនេះ អ្នករាល់គ្នាកុំមានចិត្តរឹងរូស ដូចជាដូនតារបស់អ្នករាល់គ្នាឡើយ គឺត្រូវប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ព្រះអង្គបានបែរពីអ្នករាល់គ្នា។
ព្រះអង្គបានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ព្រះពស្ត្រដោយសេចក្ដីសងសឹក និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាឃ្លុំអង្គ
ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។
ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
ដ្បិតនៅក្នុងចិត្តយើងបាននឹកពីថ្ងៃសងសឹក ឯឆ្នាំកំណត់នៃពួកប្រោសលោះរបស់យើង ក៏បានមកដល់ដែរ។
ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ា នៃពួកពលបរិវារ គឺជាថ្ងៃសងសឹក ជាការសងសឹករបស់ព្រះអង្គផ្ទាល់ទៅពួកខ្មាំងសត្រូវ។ ដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត។
ឱពួកអ្នកដែលដំឡើងធ្នូអើយ ចូរតម្រៀបគ្នានៅព័ទ្ធជុំវិញ ច្បាំងនឹងក្រុងបាប៊ីឡូនចុះ ចូរបាញ់ទៅ កុំសំចៃព្រួញឡើយ ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ។
ព្រះយេហូវ៉ាបានបើកឃ្លាំងអាវុធរបស់ព្រះអង្គ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្ដីគ្នាន់ក្នាញ់ របស់ព្រះអង្គចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ។
មើល៍! ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះយើងនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលអាចនឹងឈរនៅចំពោះយើងបាន?
ចូរសម្រួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ាបានដាស់វិញ្ញាណ របស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះព្រះអង្គមានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចោល ដ្បិតនេះជាការសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហាររបស់ព្រះអង្គ។
ព្រះយេហូវ៉ានៃពួកពលបរិវារ បានស្បថដោយព្រះអង្គផ្ទាល់ថា៖ យើងពិតជាធ្វើឲ្យអ្នកបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងអ្នក។
យើងនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកអ្នក តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ យើងទាស់នឹងអ្នក យើងនឹងលូកដៃទៅលើអ្នក ហើយប្រមៀលអ្នកទម្លាក់ពីលើថ្មដា ព្រមទាំងឲ្យអ្នកឆេះអស់។
ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងកាន់ក្ដីអ្នក ហើយសងសឹកជំនួសអ្នក យើងនឹងពង្រីងសមុទ្ររបស់គេ ហើយធ្វើឲ្យរន្ធទឹករបស់គេស្ងួតដែរ។
យើងនឹងធ្វើទោសដល់ព្រះបាល នៅស្រុកបាប៊ីឡូន ហើយធ្វើឲ្យរបស់ទាំងប៉ុន្មាន ដែលវាបានលេបទៅ ចេញពីមាត់មកវិញ នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូន នឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយ បានខំធ្វើការជាឥតប្រយោជន៍ ហើយសាសន៍ទាំងប៉ុន្មាន ធ្វើឲ្យតែបានជាចំណីភ្លើងប៉ុណ្ណោះ។
ចូរឲ្យគ្រប់មនុស្សរត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយអំពើទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹក របស់ព្រះយេហូវ៉ា ព្រះអង្គនឹងតបស្នងដល់គេ។
បន្ទាប់មក ត្រូវថា ក្រុងបាប៊ីឡូននឹងលិចបាត់យ៉ាងដូច្នេះដែរ ឥតដែលងើបឡើងវិញឡើយ ដោយព្រោះការអាក្រក់ដែលយើងនឹងនាំមកលើវា នោះគេនឹងនឿយហត់ទៅ។ ពាក្យរបស់ហោរាយេរេមាចប់តែប៉ុណ្ណេះ។
យើងខ្ញុំបានហុចដៃទៅសុំពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរ ដើម្បីឲ្យបានអាហារបរិភោគ។
ដ្បិតស្តេចបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល៍ ព្រះអង្គក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ?
ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីរៀបគ្រឿងបុកទម្លាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សម្លាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសម្រាប់ទម្លាយទ្វារកំផែង ព្រមទាំងជីកស្នាមភ្លោះ ហើយសង់បន្ទាយ។
ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
ប៉ុន្តែ បើសេចក្តីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ តើយើងគួរនិយាយដូចម្តេច? ថាព្រះទុច្ចរិតឬ ដែលព្រះអង្គដាក់ទោសយើង? (នេះខ្ញុំនិយាយតាមរបៀបមនុស្សលោក)។
ការសងសឹក និងការតបទៅគេវិញ ស្រេចលើយើង ក្នុងកាលដែលជើងរបស់គេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយនៅជិតបង្កើយ ហើយថ្ងៃដែលគេទទួលផលអាក្រក់របស់ខ្លួនមកដល់យ៉ាងរហ័ស។
ប្រសិនបើយើងសំលៀងដាវរបស់យើងដែលភ្លឺចាំង ហើយដៃយើងចាប់កាន់សេចក្ដីយុត្តិធម៌ នោះយើងនឹងសងសឹកបច្ចាមិត្តរបស់យើង ហើយនឹងសងអស់អ្នកដែលស្អប់យើង។
ឱស្ថានសួគ៌អើយ ប្រជារាស្ត្ររបស់ព្រះអង្គអើយ ចូរសរសើរតម្កើង ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអង្គនឹងសងសឹកចំពោះឈាមពួកកូនរបស់ព្រះអង្គ ហើយសងសឹកបច្ចាមិត្តរបស់ព្រះអង្គ។ ព្រះអង្គនឹងសងដល់អស់អ្នកដែលស្អប់ព្រះអង្គ ហើយលាងសម្អាតស្រុកឲ្យប្រជារាស្ត្ររបស់ព្រះអង្គ"»។
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។
ពេលគេផ្លុំត្រែស្នែងចៀមមានសំឡេងយ៉ាងវែង គឺពេលអ្នករាល់គ្នាឮសំឡេងត្រែ ប្រជាជនទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង នោះកំផែងក្រុងនឹងរលំចុះនៅនឹងកន្លែង ហើយប្រជាជនទាំងអស់ត្រូវសម្រុកចូលត្រង់ទៅមុខរៀងខ្លួន»។
ដ្បិតគេបានកម្ចាយឈាមពួកបរិសុទ្ធ និងពួកហោរា ហើយព្រះអង្គឲ្យគេផឹកឈាមដូច្នេះ គឺគេសមនឹងទទួលហើយ!»។
ចូរសងទៅក្រុងនេះតាមការដែលគេបានធ្វើដល់អ្នកចុះ ទាំងទ្វេមួយជាពីរផង ចូរចាក់មួយជាពីរទៅក្នុងពែង ដែលគេបានចាក់ឲ្យអ្នក។
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយសុចរិត ព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំ ដែលបង្ខូចផែនដី ដោយអំពើសហាយស្មន់របស់នាង ហើយព្រះអង្គក៏បានសងសឹក ដោយព្រោះឈាមពួកអ្នកបម្រើរបស់ព្រះអង្គ ដែលនាងបានកម្ចាយនោះដែរ»។
ប៉ុន្តែ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រ្តីព្រាត់ប្រាស់កូន ដូច្នេះ ម្តាយរបស់ឯងក៏នឹងត្រូវព្រាត់ប្រាស់កូនដូច្នោះដែរ»។ រួចលោកសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។