Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេ‌សេ‌គាល 17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ប្រស្នា​អំពី​ដើម​តា‌ត្រៅ និង​សត្វ​ឥន្ទ្រី

1 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖

2 «កូន​មនុស្ស​អើយ ចូរ​ដាក់​ប្រស្នា ហើយ​ពោល​សេចក្ដី​ប្រៀប‌ធៀប​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា

3 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌ ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន កាច់​យក​ចុង​ដើម​តា‌ត្រៅ​មួយ

4 វា​កាច់​យក​លំពង់ នៅ​ចុង​បំផុត​នៃ​ដើម​នោះ​យក​ទៅ​ដល់​ស្រុក​ជំនួញ ដាក់​ទៅ​ក្នុង​ទី​ក្រុង​នៃ​មនុស្ស​ជួញ​ប្រែ។

5 វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក

6 ដើម​នោះ​ក៏​ដុះ​ឡើង ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង។

7 មាន​សត្វ​ឥន្ទ្រី​ធំ​មួយ​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក។

8 ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ។

9 អ្នក​ត្រូវពោល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​ឥន្ទ្រី​ទី​មួយ​មិន​ដក​រំលើង​ទាំង​ឫស ហើយ​កាត់​ផ្លែ​ចេញ​ឲ្យ​បាន​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ? គឺ​មិន​ចាំ​បាច់​មាន​ដៃ​ខ្លាំង​ពូកែ ឬ​មនុស្ស​ជា​ច្រើន​មក​ដក​រំលើង​ឫស​របស់​វា​ឡើយ។

10 មើល៍! ដែល​បាន​ដាំ​ដូច្នេះ​ហើយ តើ​ចម្រើន​ឡើង​បាន​ឬ? តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ? វា​នឹង​ត្រូវ​ស្វិត​ក្រៀម​នៅ​កន្លែង​ដែល​ដុះ​នោះ»។

11 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖

12 «ចូរ​សួរ​ដល់​ពួក​វង្ស​រឹង​ចចេស​នោះ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ? ចូរ​ប្រាប់​គេ​ថា ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា‌មួយ​ដល់​ក្រុង​បាប៊ី‌ឡូន។

13 ស្ដេច​បាប៊ីឡូន​ក៏​រើស​យក​ពូជ​ស្តេច​មួយ​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ (រួច​នាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ស្រុក​ចេញ​ទៅ)

14 ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ឥត​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ តែ​ឲ្យ​បាន​ជាប់​នៅ ដោយ​ការ​រក្សា​សញ្ញា​នោះ។

15 ប៉ុន្តែ ស្តេច​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​រួច​ខ្លួន​ឬ? តើ​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ?

16 ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែងក្នុង​ស្រុក​ដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ‌រាជ្យ ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ។

17 ផារ៉ោន និង​ពល‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នឹង​មិន​មក​ជួយ​ក្នុង​ចម្បាំង ដោយ​មាន​គ្នា​សន្ធឹក​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​គេ​ជីក​ស្នាម​ភ្លោះ ហើយ​ធ្វើ​ប៉ម​បុក​ទម្លាយ​កំផែង ដើម្បី​នឹង​កាត់​ជីវិត​មនុស្ស​ជា​ច្រើន​ចេញ​នោះ​ដែរ។

18 ដ្បិត​ស្តេច​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ ហើយ​មើល៍ ព្រះ‌អង្គ​ក៏​ចាប់​ដៃ​ស្បថ​ផង តែ​បាន​ធ្វើ​ការ​យ៉ាង​ដូច្នេះ​វិញ ដូច្នេះ តើ​នឹង​រួច​ខ្លួន​ឬ?

19 ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​យើង​នឹង​ទម្លាក់​ពាក្យ​សម្បថ​របស់​យើង ដែលគេ​បាន​មើល‌ងាយ និង​សេចក្ដី​សញ្ញា​របស់​យើង ដែល​គេ​បាន​ផ្តាច់​ចេញ​នោះ ទៅ​លើ​ក្បាល​គេ​វិញ។

20 យើង​នឹង​លាត​មង​យើង​ទៅ​លើ​គេ ហើយ​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​យើង យើង​នឹង​នាំ​គេ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​យើង។

21 អស់​អ្នកដែល​ចំណានៗ ទាំង​ប៉ុន្មាន​ក្នុង​កង‌ទ័ពរបស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ឯ​ពួក​អ្នក​ដែល​សល់​នៅ គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​កន្លែង នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​គឺ​យេហូវ៉ា យើង​បាន​ប្រកាស​ហើយ»។

22 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​កាច់​យក​ចុង​ដើម​តា‌ត្រៅ​យ៉ាង​ខ្ពស់ ទៅ​ដាំ​ចុះ យើង​នឹង​កាច់​យក​លំពង់​មួយ​យ៉ាង​ទន់ ពី​ចុង​បំផុត​របស់​ដើម​នោះ​ទៅ​ដាំ នៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់។

23 គឺ​យើង​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រា‌អែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ព្រម​ទាំង​ត្រឡប់​ទៅ​ជា​ដើម​តា‌ត្រៅ​យ៉ាង​ល្អ អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សម្បុក នៅ​ក្រោម​ម្លប់​នៃ​មែក​វា។

24 ដូច្នេះ អស់​ទាំង​ដើម​ឈើ​នៅ​ផែន‌ដី​នឹង​ដឹង​ថា យើង គឺ​យេហូវ៉ា យើង​បាន​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​តម្កើង​ដើម​ឈើ​ទាប​ឡើង​វិញ យើង​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ខ្ចី​ស្វិត​ក្រៀម​ទៅ ហើយ​ឲ្យ​ដើម​ឈើ ដែល​ស្វិត​ក្រៀម​បាន​ប៉ិច​ឡើង​វិញ គឺ​យើង យេហូវ៉ា​នេះ​ហើយ ដែល​បាន​ចេញ​វាចា ព្រម​ទាំង​ធ្វើ​ការ​នេះ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម