Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បរិទេវ 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការទូល​អង្វរ​សូម​សេចក្ដី​មេត្តា‌ករុណា

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​កើត​ដល់​យើង​ខ្ញុំ​រាល់​គ្នា សូម​ព្រះ‌អង្គ​ទត​មក​ការ​ដែល​គេ​ត្មះ‌ដៀល​យើង​ខ្ញុំ

2 មត៌ក​របស់​យើង​ខ្ញុំ​ក្លាយ​ជា​របស់​អ្នក​ដទៃ ឯ​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ ក៏​ក្លាយ​ជា​របស់ជន​បរទេស។

3 យើង​ខ្ញុំ​ជា​កូន​កំព្រា​ឪពុក ម្តាយ​យើង​ខ្ញុំ​នៅ​មេម៉ាយ។

4 យើង​ខ្ញុំត្រូវ​បង់​ប្រាក់​ដើម្បី​ផឹក​ទឹក​របស់​ខ្លួន ហើយ​ឧស​របស់​យើង​ខ្ញុំ​ក៏​ត្រូវ​ទិញ​ដែរ។

5 ពួក​គេ​ដេញ​តាម​ជិះ​ក​យើង​ខ្ញុំ យើង​ខ្ញុំ​អស់​កម្លាំង ឥត​មាន​ពេល​សម្រាក​ឡើយ។

6 យើង​ខ្ញុំ​បាន​ហុច​ដៃ​ទៅ​សុំ​ពួក​សាសន៍​អេស៊ីព្ទ និង​ពួក​សាសន៍​អាស‌ស៊ើរ ដើម្បីឲ្យ​បាន​អាហារ​បរិភោគ។

7 បុព្វ‌បុរស​យើង​ខ្ញុំ​បាន​ធ្វើ​បាប ហើយ​ក៏​វិនាស​អស់​ទៅ ឯ​យើង​ខ្ញុំ​ក៏​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​គាត់​ដែរ។

8 មាន​ពួក​អ្នក​បម្រើ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ឡើយ។

9 យើង​ខ្ញុំ​រក​អាហារ​បាន ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន។

10 ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង​ក្រាន ព្រោះ​តែ​ការ​អត់​ឃ្លាន

11 គេ​បាន​ចាប់​កំហែងពួក​ស្រ្តី​នៅ​ក្រុង​ស៊ីយ៉ូន និង​ពួក​ក្រមុំៗ​នៅ​តាម​ទី​ក្រុង​ក្នុង​ស្រុក​យូដា។

12 ឯ​ពួក​ចៅ‌ហ្វាយ​ត្រូវ​គេ​ចង​ដៃ​ព្យួរ គេ​មិន​ខ្លាច​ពួក​ចាស់​ទុំ​ទេ។

13 ពួក​កំលោះៗ​បាន​ត្រូវ​សែង​ត្បាល់‌កិន ហើយ​កូន​ក្មេង​ដើរ​ពាន់​ជើង​ទ្រេត​ទ្រោត ក្រោម​បាច់​ឧស។

14 លែង​មាន​ពួក​ចាស់​ទុំ​នៅ​ទ្វារ​ក្រុង និង​ពួក​កំលោះៗ​លេង​ភ្លេង​ទៀត​ហើយ។

15 យើង​ខ្ញុំ​លែង​មាន​អំណរ​ក្នុង​ចិត្ត ហើយ​ការ​លោត​កញ្ឆេង​របស់​យើង​ខ្ញុំ ត្រឡប់​ទៅ​ជា​ការ​សោយ‌សោក​វិញ

16 មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ​ហើយ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប។

17 ហេតុ​នេះ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ស្រយុត​ចុះ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​ត្រឡប់​ទៅ​ជា​ងងឹត ដោយ​ព្រោះ​ការ​ទាំង​នេះ​ដែរ

18 ដ្បិត​ភ្នំ​ស៊ីយ៉ូន​ត្រូវ​ចោល​ស្ងាត់ មាន​តែ​ឆ្កែ​ចចក​ដើរ​ប៉ុណ្ណោះ។

19 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​អស់‌កល្ប​ជា‌និច្ច បល្ល័ង្ក​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ នៅ​អស់​គ្រប់​ទាំងតំណមនុស្ស។

20 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​យើង​ខ្ញុំ​រហូត? ហេតុអ្វី​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​យូរ​យ៉ាង​នេះ?

21 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​មក​វិញ នោះ​យើង​ខ្ញុំ​នឹង​បែរ​មក​ហើយ សូម​កែ​ជីវិត​របស់​យើង​ខ្ញុំ​ឡើង​វិញ ដូច​កាល​ពី​ដើម

22 ឬ​ក៏​ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​យ៉ាង​ខ្លាំង​ហើយ។:៚

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម