ទំនុកតម្កើង 88:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមានទុក្ខវេទនា ហើយជិតស្លាប់តាំងតែពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំស្ញែងខ្លាច ទូលបង្គំតែលតោលគ្មានទីពឹង។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំរងទុក្ខ ហើយជិតស្លាប់តាំងពីក្មេងមកម៉្លេះ; ទូលបង្គំបានរងនូវសេចក្ដីគំរាមកំហែងរបស់ព្រះអង្គ ក៏អស់សង្ឃឹម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យ តក់ស្លុតអស់សង្ឃឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមានទុក្ខវេទនា ហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមក កាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាច របស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់ អាល់គីតាប ខ្ញុំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ទ្រង់ធ្វើឲ្យខ្ញុំភ័យ តក់ស្លុតអស់សង្ឃឹម។ |
ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកព្រះអង្គ តែព្រះអង្គមិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែព្រះអង្គគ្រាន់តែ សម្លឹងមើលទូលបង្គំប៉ុណ្ណោះ។
ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។
ដ្បិតព្រះអង្គជាព្រះដែលទូលបង្គំពឹងជ្រក ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែការសង្កត់សង្កិន របស់ខ្មាំងសត្រូវដូច្នេះ?
ដ្បិតព្រលឹងយើងខ្ញុំស្រុតចុះដល់ធូលីដីហើយ ខ្លួនប្រាណយើងខ្ញុំក៏ជាប់នៅនឹងដីដែរ។
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ម្នាលអើយ ចូរភ្ញាក់ឡើង ទាស់នឹងគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។
ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។