Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​យ៉ូប​អធិស្ឋានសូមឲ្យបាន​ធូស្បើយ

1 វិញ្ញាណ​ខ្ញុំខ្ទេច​ខ្ទាំ​អស់​ហើយ អាយុ​របស់​ខ្ញុំ​ចេះ​តែកន្លង​ទៅ ផ្នូរ​ក៏​រង់‌ចាំ​ខ្ញុំ។

2 នៅ​ជុំ​វិញ​ខ្ញុំ​មាន​សុទ្ធ​តែ​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់​រុក របស់​គេ​ជា‌និច្ច។

3 សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ ចំពោះ​ព្រះ‌អង្គ​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ យល់​ព្រម​នឹង​ទូល‌បង្គំ​បាន?

4 ដ្បិត​ព្រះ‌អង្គ​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់ ហេតុ​នោះ ព្រះ‌អង្គ​នឹង​មិន​តម្កើង​គេ​ឡើយ។

5 គេ​លួង​លោម​មិត្ត​សម្លាញ់​ខ្លួន ឲ្យ​តែ​បាន​ទ្រព្យ​សម្បត្តិ ហើយ​ភ្នែក​របស់​កូន​គេ​កាន់​តែ​ងងឹត។

6 ប៉ុន្តែ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប ដល់​មនុស្ស ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ។

7 ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់ ទុក​ដូច​ជា​ស្រមោល​ទទេ។

8 មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​នេះ ហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា ទាស់​នឹង​មនុស្ស​ទមិឡ​ល្មើស។

9 ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។

10 ចំណែក​អ្នក​រាល់​គ្នា សូម​អញ្ជើញ​មក​វិញ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ ដែល​មាន​ប្រាជ្ញា​ឡើយ។

11 អស់​ទាំង​ថ្ងៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ គម្រោង​ការ​របស់​ខ្ញុំ​ត្រូវ​រលាយ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ។

12 គេ​ថា "ធ្វើ​ឲ្យ​យប់​ទៅ​ជា​ថ្ងៃ ពន្លឺ​នៅ​ក្បែរ​ងងឹត​ដែរ"។

13 បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត

14 បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា "ឯង​ជា​ឪពុក​ខ្ញុំ" ហើយ​ពោល​ទៅ​ដង្កូវ​ថា "ឯង​ជា​ម្តាយ ឬ​ជា​បង‌ប្អូន​ស្រី​របស់​ខ្ញុំ"

15 តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា? តើ​មាន​អ្នក​ណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំទេ?

16 តើ​វា​នឹង​ចុះ​ទៅ​ឯ​ទ្វារ នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់? តើ​យើង​នឹង​ចុះ​ទៅ​ជា‌មួយ​គ្នា ចូល​ក្នុង​ធូលី​ដីឬ?»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម