ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន?
ទំនុកតម្កើង 61:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំនឹងរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមទីកំបាំង នៃស្លាបរបស់ព្រះអង្គ។ -បង្អង់ ព្រះគម្ពីរខ្មែរសាកល សូមឲ្យទូលបង្គំស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គជារៀងរហូត សូមឲ្យទូលបង្គំជ្រកកោននៅក្រោមទីលាក់កំបាំងនៃស្លាបរបស់ព្រះអង្គផង។ សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំចង់រស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមម្លប់ ព្រះបារមីរបស់ព្រះអង្គ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់ អាល់គីតាប ខ្ញុំចង់រស់នៅក្នុងជំរំសក្ការៈ របស់ទ្រង់រហូតតទៅ ខ្ញុំនឹងជ្រកកោនក្រោមម្លប់ អំណាចរបស់ទ្រង់។ - សម្រាក |
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន?
សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបាំងទូលបង្គំក្រោមម្លប់ នៃចំអេងស្លាបរបស់ព្រះអង្គ
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
សូមឲ្យព្រះរាជាគ្រងរាជ្យ នៅចំពោះព្រះរហូតតទៅ សូមតាំងសេចក្ដីសប្បុរស និងសេចក្ដីពិត ឲ្យថែរក្សាព្រះរាជាផង!
ការសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ ស្ថិតនៅលើព្រះ ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ។
ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។
ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
«ឱយេរូសាឡិម យេរូសាឡិមជាក្រុងដែលសម្លាប់ពួកហោរា ហើយយកថ្មគប់ពួកអ្នកដែលព្រះបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់អ្នកមក ដូចមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប តែអ្នកមិនព្រមទេ!
ដើម្បីឲ្យយើងដែលបានរត់មកជ្រកកោន បានទទួលការលើកចិត្តយ៉ាងខ្លាំង ប្រយោជន៍នឹងចាប់យកសេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង តាមរយៈសេចក្ដីពីរយ៉ាងដែលមិនចេះប្រែប្រួល ហើយព្រះទ្រង់មិនចេះកុហកឡើយ។
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបព្រះអង្គចុះ»។