ទំនុកតម្កើង 61 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។ 1 ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីអំពាវនាវ របស់ទូលបង្គំ សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង 2 កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ 3 ដ្បិតទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ 4 ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់ 5 ៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ 6 ទ្រង់នឹងចំរើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែង អស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុ របស់មនុស្សជាច្រើនដំណតទៅ 7 ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅ ឱសូមរៀបសេចក្ដីសប្បុរស នឹងសេចក្ដីពិតឲ្យបាន រក្សាទូលបង្គំផង 8 យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់ ព្រះនាមទ្រង់ជាដរាប ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia