Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 61 - ព្រះគម្ពីរខ្មែរសាកល


សុខសុវត្ថិភាពនៅក្នុងព្រះ
បទតម្កើង ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ​។

1 ឱ​ព្រះ​អើយ សូម​សណ្ដាប់​សម្រែក​របស់ទូលបង្គំ សូម​ប្រុងស្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​!

2 កាលណា​ចិត្ត​ទូលបង្គំ​ខ្សោយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​; សូម​ព្រះអង្គ​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ​ផង

3 ដ្បិត​ព្រះអង្គ​ជា​ជម្រក​ដល់​ទូលបង្គំ ជា​ប៉ម​ដ៏រឹងមាំ​ទាស់នឹង​ខ្មាំងសត្រូវ​។

4 សូមឲ្យ​ទូលបង្គំ​ស្នាក់នៅ​ក្នុង​ព្រះពន្លា​របស់ព្រះអង្គ​ជារៀងរហូត សូមឲ្យ​ទូលបង្គំ​ជ្រកកោន​នៅក្រោម​ទីលាក់កំបាំង​នៃ​ស្លាប​របស់ព្រះអង្គ​ផង​។ សេឡា

5 ដ្បិត​គឺ​ព្រះអង្គ​ហើយ ឱ​ព្រះ​អើយ ដែល​ឮ​ពាក្យបន់​របស់ទូលបង្គំ ព្រះអង្គ​បាន​ប្រទាន​ដល់ទូលបង្គំ​នូវ​មរតក​របស់​អ្នកដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ​!

6 សូម​ព្រះអង្គ​បន្ថែម​ថ្ងៃ​នៃ​អាយុ​ដល់​ស្ដេច សូមឲ្យ​អាយុជីវិត​របស់ទ្រង់​បានវែង រហូតដល់​គ្រប់ជំនាន់​។

7 សូមឲ្យ​ស្ដេច​គង់នៅ​ចំពោះ​ព្រះ​ជារៀងរហូត សូម​កំណត់​ឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​រក្សា​ទ្រង់​ផង​។

8 នោះ​ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូត ដើម្បី​លាបំណន់​ដែល​ទូលបង្គំ​បានបន់ ជា​រៀងរាល់ថ្ងៃ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម