ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។
ទំនុកតម្កើង 32:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាប ឲ្យទូលបង្គំ។ –បង្អង់ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានទទួលស្គាល់បាបរបស់ទូលបង្គំនៅចំពោះព្រះអង្គ ហើយមិនបានលាក់បាំងអំពើទុច្ចរិតរបស់ទូលបង្គំទេ។ ទូលបង្គំបានពោលថា៖ “ខ្ញុំនឹងសារភាពការបំពានរបស់ខ្ញុំដល់ព្រះយេហូវ៉ា” នោះព្រះអង្គបានលើកលែងទោសអំពើទុច្ចរិតនៃបាបរបស់ទូលបង្គំហើយ។ សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ ទូលបង្គំមិនបានលាក់លៀមកំហុស របស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះព្រះអម្ចាស់!» ព្រះអង្គក៏លើកលែងទោសទូលបង្គំ ឲ្យរួចពីបាប។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់ អាល់គីតាប ខ្ញុំបានសារភាពអំពើបាបចំពោះទ្រង់ ខ្ញុំមិនបានលាក់លៀមកំហុស របស់ខ្ញុំឡើយ ខ្ញុំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះអុលឡោះតាអាឡា!» ទ្រង់ក៏លើកលែងទោសខ្ញុំ ឲ្យរួចពីបាប។ - សម្រាក |
ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។
ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្ររបស់ព្រះអង្គដូច្នេះ ឯងបានសម្លាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសម្លាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន
ក្រោយដែលរាប់ចំនួនប្រជាជនហើយ នោះព្រះបាទដាវីឌមានព្រះហឫទ័យឈឺស្តាយជាខ្លាំង រួចទ្រង់ទូលទៅព្រះយេហូវ៉ាថា៖ «ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមលើកលែងទោសនៃការអាក្រក់របស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់»។
ពេលព្រះបាទដាវីឌបានទតឃើញទេវតា ដែលបានប្រហារប្រជាជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី? សូមឲ្យព្រះហស្តរបស់ព្រះអង្គបានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំវិញចុះ»។
សូមអត់ទោសដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានធ្វើបាបនឹងព្រះអង្គដូច្នេះ ហើយអស់ទាំងការរំលងច្បាប់ ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គដែរ សូមបណ្ដាលឲ្យពួកអ្នកដែលនាំគេទៅជាឈ្លើយនោះ បានអាណិតមេត្តាដល់គេវិញ
ទោះបើមនុស្សណា ឬបណ្ដាពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តរបស់ខ្លួនគេលើកដៃប្រទូលតម្រង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឥឡូវនេះទៅ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។ ចូរញែកខ្លួនចេញពីពួកអ្នកនៅស្រុកនេះ និងពីប្រពន្ធជាស្ត្រីសាសន៍ដទៃទៅ»។
បើខ្ញុំបានគ្របបាំងអំពើរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្ដីអាក្រក់ខ្ញុំនៅក្នុងទ្រូង
គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា "ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។
សូមទតមើលទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ ហើយសូមអត់ទោសអំពើបាបទាំងប៉ុន្មាន របស់ទូលបង្គំផង។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាប របស់ទូលបង្គំ។
ប៉ុន្តែ ខ្មាំងសត្រូវរបស់ទូលបង្គំ គេស្វាហាប់ គេមានកម្លាំង ហើយអស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុមានគ្នាជាច្រើន។
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ឯដំណើររបស់ស្រីពេស្យារមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា «ខ្ញុំគ្មានធ្វើបាបអ្វីសោះ»។
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
ធ្វើដូចម្តេចឲ្យអ្នកបានថា អ្នកមិនសៅហ្មង ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ។ ចូរមើលស្នាមផ្លូវដែលអ្នកដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលអ្នកបានធ្វើនោះចុះ អ្នកជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា។
ប៉ុន្តែ អ្នកថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីខ្ញុំហើយ យើងនឹងកាត់ទោសអ្នកដោយព្រោះអ្នកថា អ្នកគ្មានធ្វើបាបឡើយដូច្នេះ។
អ្នកគ្រាន់តែទទួលព្រមថា អ្នកមានអំពើទុច្ចរិតមែន ដោយបានរំលងនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយបានចែកអំពើគោរពរបស់អ្នក ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន នៅក្រោមដើមឈើខៀវខ្ចីផង តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ»។
តើអេប្រាអិមជាកូនសម្លាញ់របស់យើងឬ? តើជាកូនសំណព្វឬ? ដ្បិតដែលយើងនិយាយទាស់នឹងវាវេលាណា នោះយើងក៏នឹករឭកដល់វានៅវេលានោះ។ ដូច្នេះ យើងមានចិត្តរំជួលដល់វា និងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។
ដូច្នេះ បើអ្នកណាមានទោសក្នុងបទណាមួយយ៉ាងនោះ ត្រូវឲ្យលន់តួចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តចុះ
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អេកានថា៖ «កូនអើយ ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល ហើយលន់តួចំពោះព្រះអង្គទៅ។ អ្វីដែលអ្នកបានធ្វើ ចូរប្រាប់ខ្ញុំ កុំលាក់នឹងខ្ញុំឡើយ»។