Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 32 - ព្រះគម្ពីរខ្មែរសាកល


អំណរដោយសារត្រូវបានលើកលែងទោស
ទំនុក​ម៉ាស្គីល ​របស់​ដាវីឌ​។

1 មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការបំពាន គឺ​អ្នកដែល​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​!

2 មានពរ​ហើយ មនុស្ស​ដែល​ព្រះយេហូវ៉ា​មិន​រាប់ថា​មាន​បាប​ទាស់នឹង​ព្រះអង្គ ហើយ​គ្មាន​ល្បិចកល​ក្នុង​ចិត្ត​របស់ខ្លួន​!

3 ពេល​ទូលបង្គំ​រក្សាភាពស្ងៀមស្ងាត់​មិនសារភាពបាប នោះ​ឆ្អឹង​ទូលបង្គំ​បាន​ចុះខ្សោយ ដោយសារតែ​ការថ្ងូរ​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច

4 ដ្បិត​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​យ៉ាងធ្ងន់​ទាំងយប់ទាំងថ្ងៃ កម្លាំងចិត្ត​របស់ទូលបង្គំ​បាន​អស់ទៅ ដូចជា​ដោយ​ភាពហួតហែង​នៃ​រដូវក្ដៅ​។ សេឡា

5 ទូលបង្គំ​បាន​ទទួលស្គាល់​បាប​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​មិន​បាន​លាក់បាំង​អំពើទុច្ចរិត​របស់ទូលបង្គំ​ទេ​។ ទូលបង្គំ​បាន​ពោលថា​៖ “ខ្ញុំ​នឹង​សារភាព​ការបំពាន​របស់ខ្ញុំ​ដល់​ព្រះយេហូវ៉ា” នោះ​ព្រះអង្គ​បាន​លើកលែងទោស​អំពើទុច្ចរិត​នៃ​បាប​របស់ទូលបង្គំ​ហើយ​។ សេឡា

6 ដោយហេតុនេះ សូមឲ្យ​វិសុទ្ធជន​គ្រប់គ្នា​អធិស្ឋាន​ដល់​ព្រះអង្គ ក្នុង​ពេលដែល​អាច​រក​ព្រះអង្គ​ឃើញ​; ទោះបីជា​មាន​ទឹកជំនន់​ធំ​ក៏ដោយ ក៏​វា​នឹង​មិន​ប៉ះ​គេ​ឡើយ​។

7 ព្រះអង្គ​ជា​ទីលាក់កំបាំង​សម្រាប់​ទូលបង្គំ ព្រះអង្គ​រក្សា​ទូលបង្គំ​ឲ្យរួចពី​ទុក្ខវេទនា ហើយ​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ចម្រៀង​នៃ​ការ​រំដោះ​។ សេឡា

8 យើង​នឹង​បង្រៀន​អ្នក ហើយ​ណែនាំ​អ្នក​ក្នុង​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយគំនិត​អ្នក ដោយទុក​ភ្នែក​យើង​នៅលើ​អ្នក​។

9 កុំ​ធ្វើ​ដូចជា​សេះ ឬ​ដូចជា​លាកាត់ ដែល​មិន​យល់​អ្វី​ឡើយ បើ​មិន​បញ្ជា​ដោយ​បង្ខាំ និង​បង្ហៀរ​ទេ វា​មិន​មកជិត​អ្នក​ឡើយ​។

10 ទុក្ខសោក​របស់​មនុស្ស​អាក្រក់​មាន​ច្រើន ប៉ុន្តែ​ចំពោះ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នឹង​ព័ទ្ធជុំវិញ​គេ​។

11 មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ ហើយ​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​! អស់អ្នក​ដែល​មាន​ចិត្ត​ទៀងត្រង់​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម