ចូរសរសើរតម្កើងព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមមនុស្សទៀងត្រង់ គឺនៅក្នុងក្រុមជំនុំ។
ទំនុកតម្កើង 107:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យគេលើកតម្កើងព្រះអង្គ នៅក្នុងក្រុមជំនុំនៃប្រជាជន ហើយសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកចាស់ទុំ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកគេលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំរបស់ប្រជាជន ហើយសរសើរតម្កើងព្រះអង្គក្នុងចំណោមកៅអីរបស់ពួកចាស់ទុំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេត្រូវតែលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ប្រជាជន ហើយសរសើរតម្កើងព្រះអង្គ ក្នុងអង្គប្រជុំរបស់ពួកព្រឹទ្ធាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។ អាល់គីតាប គេត្រូវតែលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំរបស់ប្រជាជន ហើយសរសើរតម្កើងទ្រង់ ក្នុងអង្គប្រជុំរបស់ពួកអះលីជំអះ។ |
ចូរសរសើរតម្កើងព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមមនុស្សទៀងត្រង់ គឺនៅក្នុងក្រុមជំនុំ។
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
៙ ព្រះយេហូវ៉ាមានព្រះជន្មរស់នៅ សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដានៃទូលបង្គំ សូមលើកតម្កើងព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ
៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលក្រុមជំនុំ ។
៙ ព្រះអង្គជាដើមហេតុ ដែលនាំឲ្យទូលបង្គំសរសើរ នៅក្នុងក្រុមជំនុំដ៏ធំ ទូលបង្គំនឹងលាបំណន់នៅចំពោះមុខ អស់អ្នកដែលកោតខ្លាចព្រះអង្គ។
ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា នៅក្នុងក្រុមជំនុំដ៏ធំ។
ទូលបង្គំនឹងអរព្រះគុណព្រះអង្គ នៅក្នុងក្រុមជំនុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមមហាជន។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
៙ អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។
ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ!
ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅឯភ្នំបរិសុទ្ធរបស់ព្រះអង្គចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបរិសុទ្ធ។
ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។
ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។