ទំនុកតម្កើង 111 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គធ្វើការដ៏អស្ចារ្យ 1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមមនុស្សទៀងត្រង់ គឺនៅក្នុងក្រុមជំនុំ។ 2 ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ាធំអស្ចារ្យ អស់អ្នកដែលរីករាយនឹងការទាំងនោះ នាំគ្នាស្វែងយល់។ 3 ស្នាព្រះហស្តរបស់ព្រះអង្គ ពេញដោយភាពរុងរឿង ហើយថ្លៃវិសេស សេចក្ដីសុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 4 ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ ពីការអស្ចារ្យរបស់ព្រះអង្គ ព្រះយេហូវ៉ាប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា។ 5 ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជាប់ជានិច្ច។ 6 ព្រះអង្គបានសម្ដែងព្រះចេស្តា នៃកិច្ចការរបស់ព្រះអង្គ ឲ្យប្រជារាស្ត្រព្រះអង្គឃើញ ដោយប្រទានឲ្យគេមានមត៌ក នៅអស់ទាំងសាសន៍។ 7 ស្នាដៃព្រះហស្តរបស់ព្រះអង្គសុទ្ធតែស្មោះត្រង់ ហើយសុចរិត ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែគួរឲ្យជឿទុកចិត្ត 8 ក៏បានតាំងនៅជាប់អស់កល្បជានិច្ច ដើម្បីឲ្យមនុស្សប្រព្រឹត្តតាម ដោយស្មោះត្រង់ និងទៀងត្រង់។ 9 ព្រះអង្គបានប្រទានការប្រោសលោះ ដល់ប្រជារាស្ត្រព្រះអង្គ ព្រះអង្គបង្គាប់ឲ្យគេកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គរហូតតទៅ។ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ ហើយគួរកោតស្ញប់ស្ញែង! 10 ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។ |
© 2016 United Bible Societies
Bible Society in Cambodia