Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 107 - អាល់គីតាប


ភាគ​ទី​ប្រាំ (គីតាបសាបូរ ១០៧-១៥០) ចូរ​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ

1 ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

2 គួរ​ឲ្យ​អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា បាន​រំដោះ​មក ពោល​សេចក្ដី​នេះ គឺ​អស់​អ្នក​ដែល​ទ្រង់​បាន​រំដោះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត

3 ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញ គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។

4 អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង រក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។

5 ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹក ហើយ​បាត់​បង់​ទឹក​ចិត្ត។

6 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​រំដោះ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ

7 ទ្រង់​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។

8 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

9 ដ្បិត​ទ្រង់​បាន​ប្រទាន​ទឹក ឲ្យ​អ្នក​ដែល​ស្រេក ហើយ​ប្រទាន​អាហារ​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ឃ្លាន។

10 អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជាប់​ឃុំ‌ឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា

11 ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង នឹង​បន្ទូល​របស់​អុលឡោះ និង​មាក់‌ងាយ​ការ​ប្រៀន‌ប្រដៅ របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

12 ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​បាក់‌ស្បាត ដោយ‌សារ​ទុក្ខ​វេទនា ពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយ ពួក​គេ​ឲ្យ​ក្រោក​ឡើង​វិញ​បាន​ឡើយ។

13 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​សង្គ្រោះ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ

14 ទ្រង់​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ហើយ​ទ្រង់​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។

15 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

16 ដ្បិត​ទ្រង់​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិន និង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។

17 អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។

18 គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។

19 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​ភ័យ​បារម្ភ។

20 ពេល​ទ្រង់​មាន​បន្ទូល ពួក​គេ​ក៏​បាន​ជា ទ្រង់​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។

21 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

22 គេ​ត្រូវ​តែ​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ហើយ​ថ្លែង​អំពី​ស្នា‌ដៃ​របស់​ទ្រង់ ដោយ​បទ​ចំរៀង​ដ៏​សប្បាយ!

23 អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រ ហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហា‌សាគរ

24 បាន​ឃើញ​ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​សមុទ្រ។

25 ពេល​ទ្រង់​មាន​បន្ទូល​បញ្ជា នោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក បង្កើត​ជា​រលក​ធំៗ

26 លើក​នាវា​ទាំង‌ឡាយ​ឡើង​យ៉ាង​ខ្ពស់ រួច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រ ពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។

27 ពួក​គេ​វិល‌វល់ ហើយ​ធីង‌ធោង​ដូច​មនុស្ស​ស្រវឹង គេ​លែង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ហើយ។

28 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​ភ័យ‌បារម្ភ។

29 ទ្រង់​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀម ទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។

30 អ្នក​ទាំង​នោះ​មាន​អំណរ​ដោយ​ឃើញ​រលក​ស្ងប់ ហើយ​អុលឡោះ‌តាអាឡា​ក៏​នាំ​គេ​ទៅ​ដល់​ត្រើយ ដែល​គេ​ប្រាថ្នា​ចង់​ទៅ។

31 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

32 គេ​ត្រូវ​តែ​លើក​តម្កើង​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជា‌ជន ហើយ​សរសើរ​តម្កើង​ទ្រង់ ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អះលី‌ជំអះ។

33 អុលឡោះ​បាន​ធ្វើ​ឲ្យ​ទន្លេ ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត

34 ទ្រង់​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។

35 អុលឡោះ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹង ធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក

36 ហើយ​ទ្រង់​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ទៅ​រស់​នៅ​ទី​នោះ ព្រម​ទាំង​សង់​ទីក្រុង​សម្រាប់​ស្នាក់​អាស្រ័យ​ផង។

37 ពួក​គេ​សាប​ព្រោះ និង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​ផ្ដល់​ភោគ‌ផល​យ៉ាង​បរិបូណ៌។

38 អុលឡោះ​ប្រទាន​ពរ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន ទ្រង់​មិន​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​គេ ចុះ​អន់‌ថយ​ឡើយ។

39 ពួក​គេ​ចុះ​អន់‌ថយ និង​បាត់​បង់​កិត្តិយស ដោយ​ខ្មាំង​សង្កត់‌សង្កិន រង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។

40 ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។

41 ប៉ុន្តែ ទ្រង់​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនា ទ្រង់​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ មាន​កូន​ចៅ​ជា​ច្រើន។​

42 ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។

43 អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា‌ដៃ​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម