នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់ គឺជាអ្នកជ្រើសរើសរបស់យើង ដែលជាទីរីករាយដល់ចិត្តយើង យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។
កូឡុស 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់ Khmer Christian Bible ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្ដអាណិតអាសូរ ចិត្ដសប្បុរស ចិត្ដសុភាព ចិត្ដស្លូតបូត និងចិត្ដអត់ធ្មត់ចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ អាល់គីតាប ដោយអុលឡោះបានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏បរិសុទ្ធ និងជាទីស្រឡាញ់របស់ទ្រង់ បងប្អូនត្រូវតែកាន់ចិត្ដអាណិតមេត្ដា ចិត្ដល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្ដស្លូតបូត និងចិត្ដខន្ដី អត់ធ្មត់។ |
នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់ គឺជាអ្នកជ្រើសរើសរបស់យើង ដែលជាទីរីករាយដល់ចិត្តយើង យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។
យើងបានហៅអ្នកតាមឈ្មោះអ្នកនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបម្រើយើង និងអ៊ីស្រាអែល ជាអ្នកដែលយើងបានជ្រើសរើស យើងបានកំណត់នាមត្រកូលដល់អ្នកហើយ ទោះបើអ្នកមិនបានស្គាល់យើងក៏ដោយ។
សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។
គេមិនសង់ដើម្បីម្នាក់ទៀតអាស្រ័យនៅទេ ឬដាំសម្រាប់ម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្ររបស់យើង នឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់យើង នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរ។
យើងនឹងបង្កើតជំនួរវង្សមួយចេញពីយ៉ាកុប ហើយឲ្យមានពួកមួយចេញពីយូដា ដែលនឹងគ្រងបានស្រុកភ្នំរបស់យើងទុកជាមត៌ក ពួកអ្នករើសតាំងរបស់យើងនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបម្រើរបស់យើងនឹងអាស្រ័យនៅទីនោះ។
តើអេប្រាអិមជាកូនសម្លាញ់របស់យើងឬ? តើជាកូនសំណព្វឬ? ដ្បិតដែលយើងនិយាយទាស់នឹងវាវេលាណា នោះយើងក៏នឹករឭកដល់វានៅវេលានោះ។ ដូច្នេះ យើងមានចិត្តរំជួលដល់វា និងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ ឃើញពីចម្ងាយ ដោយមានព្រះបន្ទូលថា៖ យើងបានស្រឡាញ់អ្នក ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរអស់កល្ប ហេតុនេះហើយបានជាយើងទាញអ្នកមក ដោយសេចក្ដីសប្បុរស។
កាលយើងបានដើរកាត់តាមទីនោះ ហើយឃើញអ្នកម្ដងទៀត មើល៍! អ្នកដល់វ័យដែលគេស្រឡាញ់ហើយ យើងក៏បានលាតជាយអាវរបស់យើងគ្របលើអ្នក គឺបិទបាំងកុំឲ្យឃើញសណ្ឋានអាក្រាតរបស់អ្នក យើងបានស្បថនឹងអ្នក ហើយតាំងសញ្ញា នឹងអ្នក ឲ្យអ្នកបានត្រឡប់ជារបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។
ប្រសិនបើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាបានសង្គ្រោះឡើយ ប៉ុន្តែ ព្រះអង្គបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី ដោយយល់ដល់ពួករើសតាំង គឺពួកអ្នកដែលព្រះអង្គជ្រើសរើស។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យផេ្សងៗ ដើម្បីនាំពួកអ្នករើសតាំងឲ្យវង្វេង ប្រសិនបើគេអាចធ្វើបាន។
ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។
ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង
តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ?
ជូនចំពោះបងប្អូនស្ងួនភ្ងារបស់ព្រះទាំងអស់នៅក្រុងរ៉ូម ដែលព្រះអង្គបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ទោះជាកូនទាំងពីរមិនទាន់កើត ហើយមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ (ដើម្បីឲ្យគម្រោងការជ្រើសរើសរបស់ព្រះបានជាប់នៅ
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់
ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ឥតពុតមាយា
ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។
ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់
ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ព្រះជាស្មបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសរបស់ព្រះគ្រីស្ទយេស៊ូវ។
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។
ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ
ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំក្នុងគ្រប់ការទាំងអស់ ដោយយល់ដល់ពួករើសតាំង ដើម្បីឲ្យគេបានការសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទាំងមានសិរីល្អនៅអស់កល្បជានិច្ច។
ប៉ុល ជាអ្នកបម្រើរបស់ព្រះ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃពួករើសតាំងរបស់ព្រះ និងការស្គាល់សេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។
កូនៗរបស់បងស្រីលោកស្រី គឺបងស្រីដែលព្រះរើសតាំង ក៏សូមជម្រាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚
ស្ដេចទាំងនោះ នឹងច្បាំងជាមួយកូនចៀម តែកូនចៀមនឹងឈ្នះគេ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯអស់អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។