២ ពេត្រុស 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សេចក្ដីផ្ដើម 1 ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។ 2 សូមព្រះគុណ និងសេចក្ដីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នា ឲ្យបានស្គាល់ព្រះ និងស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។ ព្រះត្រាស់ហៅ និងជ្រើសរើសគ្រីស្ទបរិស័ទ 3 ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ 4 ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។ 5 ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ 6 បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន 7 បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ 8 ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។ 9 ប៉ុន្ដែ បើអ្នកណាដែលគ្មានគុណសម្បត្តិទាំងនេះ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនឆ្ងាយទេ ទាំងភ្លេចថា ព្រះបានសម្អាតអំពើបាបរបស់ខ្លួនកាលពីដើមទៀតផង។ 10 ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។ 11 ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។ 12 ដូច្នេះ ខ្ញុំនឹងរំឭកដាស់តឿនអ្នករាល់គ្នាអំពីគុណសម្បត្តិទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាដឹង ហើយបានតាំងយ៉ាងខ្ជាប់ខ្ជួន តាមសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយក៏ដោយ។ 13 ដរាបណាខ្ញុំនៅក្នុងរូបកាយនេះនៅឡើយ ខ្ញុំគិតថា ជាការត្រឹមត្រូវណាស់ដែលត្រូវរំឭកដាស់តឿនអ្នករាល់គ្នាឲ្យភ្ញាក់ឡើង 14 ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះរូបកាយរបស់ខ្ញុំចេញ គឺនៅពេលឆាប់ៗនេះហើយ ដូចព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងបានបង្ហាញខ្ញុំ។ 15 ខ្ញុំនឹងខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះរាល់ពេលវេលា ក្រោយពីខ្ញុំលាចាកលោកនេះទៅ។ បន្ទាល់ដែលឃើញផ្ទាល់នឹងភ្នែកអំពីសិរីល្អរបស់ព្រះគ្រីស្ទ 16 ដ្បិតយើងខ្ញុំមិនបានយករឿងព្រេងប្រឌិត មកប្រាប់ឲ្យអ្នករាល់គ្នាស្គាល់អំពីព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គផ្ទាល់នឹងភ្នែក។ 17 ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីល្អពីព្រះ ជាព្រះវរបិតា នៅពេលមានសំឡេងចេញពីសិរីល្អដ៏ប្រសើរឧត្តម មកកាន់ព្រះអង្គថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។ 18 យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃដោយផ្ទាល់ កាលយើងនៅលើភ្នំបរិសុទ្ធ ជាមួយព្រះអង្គ។ 19 យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា 20 ដោយដឹងសេចក្ដីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលបកស្រាយបានតាមតែគំនិតរបស់មនុស្សឡើយ 21 ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។ |
© 2016 United Bible Societies
Bible Society in Cambodia