Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

វិវរណៈ 17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ស្ដ្រី​ពេស្យា និង​សត្វ​សាហាវ

1 បន្ទាប់​មក ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​ការ​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ល្បី​អសោច ដែល​អង្គុយ​នៅ​លើ​មហា​សាគរ

2 ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​ជា​មួយ​ស្ត្រី​នោះ ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​នៃ​អំពើ​សហាយ‌ស្មន់​របស់​នាង»។

3 ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​កាន់​ទី​រហោ‌ស្ថាន នៅ​ទីនោះ​ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់ អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិនឆ្អៅ ដែល​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះ​ពេញ​ខ្លួន ហើយ​វា​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់។

4 ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ហើយ​តុប​តែង​ខ្លួន​ដោយ​មាស ត្បូង​ដ៏​មាន​តម្លៃ និង​កែវ​មុក្ដា ទាំង​កាន់​ពែង​មាស​មួយ​នៅ​នឹង​ដៃ ពេញ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​សេចក្ដី​ស្មោក‌គ្រោកនៃ​អំពើ​សហាយ​ស្មន់​របស់​នាង។

5 នៅ​លើ​ថ្ងាស​របស់​នាង​មាន​ចា​ឈ្មោះ​អាថ៌‌កំបាំង​មួយ គឺ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្ត្រី​ពេស្យា និង​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ផែនដី»។

6 ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​ពួក​បរិសុទ្ធ និង​ឈាម​អ្នក​ដែល​ធ្វើ​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។ ពេល​ខ្ញុំ​ឃើញ​ស្ត្រី​នោះ ខ្ញុំ​មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ខ្លាំង។

7 ប៉ុន្តែ ទេវតា​សួរ​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ និង​សត្វ​មាន​ក្បាល​ប្រាំពីរ ហើយ​ស្នែង​ដប់​ដែល​នាង​ជិះ។

8 សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​មាន តែ​ឥឡូវ​នេះ​គ្មាន​ទេ ហើយ​វា​បម្រុង​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក រួច​ត្រូវ​វិនាស​បាត់​ទៅ។ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​ពិភព‌លោក​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​គ្មាន ហើយ​ដែល​ត្រូវ​មក​នោះ។

9 ត្រង់​នេះ ត្រូវ​ឲ្យ​គំនិត​មាន​ប្រាជ្ញា​ឡើង គឺ​ក្បាល​ទាំង​ប្រាំពីរ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ

10 ក៏​មាន​ស្តេច​ប្រាំពីរ​អង្គ ប្រាំ​អង្គ​បាន​ដួល​ហើយ មាន​មួយ​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ ពេល​ស្តេច​នោះ​មក​ដល់ ទ្រង់​នៅ​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។

11 រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​គ្មាន គឺ​ជា​ស្តេច​ទី​ប្រាំបី តែ​ក៏​នៅ​ក្នុង​ចំណោម​ស្តេច​ទាំង​ប្រាំពីរ​នោះ​ដែរ ហើយ​ត្រូវ​វិនាស​បាត់​ទៅ។

12 ស្នែង​ដប់​ដែល​អ្នក​ឃើញ គឺ​ជា​ស្តេច​ដប់​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​ត្រូវ​ទទួល​អំណាច​ជា​ស្តេច​រយៈ​ពេល​មួយ​ម៉ោង រួម​ជា​មួយ​សត្វ​នោះ។

13 ស្តេច​ទាំង​នេះ​មាន​គំនិត​តែ​មួយ ដើម្បី​ប្រគល់​ឫទ្ធា‌នុភាព និង​អំណាច​របស់​ខ្លួន​ដល់​សត្វ​នោះ។

14 ស្ដេច​ទាំង​នោះ នឹង​ច្បាំង​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ បាន​ជ្រើស​រើស និង​ជា​អ្នក​ស្មោះ​ត្រង់»។

15 ទេវតា​នោះ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «មហា‌សមុទ្រ​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ គឺ​ជា​ប្រជា‌ជន មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។

16 ឯស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​នោះ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ គេ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច ហើយ​នៅ​អាក្រាត គេ​នឹង​ស៊ី​សាច់​នាង និង​ដុត​នាង​នៅ​ក្នុង​ភ្លើង។

17 ដ្បិត​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​របស់​ព្រះ‌អង្គ ដោយ​មូល​គំនិត​តែ​មួយ ហើយ​ប្រគល់​រាជ្យ​របស់​គេ​ឲ្យ​សត្វ​នោះ រហូត​ទាល់​តែ​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​សម្រេច។

18 ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​នានា​នៅ​ផែនដី»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម