មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
១ កូរិនថូស 5:11 - អាល់គីតាប ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាអូម៉ាត់អ៊ីសា ហើយបែរជាប្រព្រឹត្ដកាមគុណថោកទាប មានចិត្ដលោភលន់ចង់បានទ្រព្យគេថ្វាយបង្គំព្រះក្លែងក្លាយជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួម ជាមួយជនប្រភេទនេះឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។ Khmer Christian Bible ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថាជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្តបរិស័ទ ហើយបែរជាប្រព្រឹត្តកាមគុណថោកទាប មានចិត្តលោភលន់ចង់បានទ្រព្យគេ ថ្វាយបង្គំព្រះក្លែងក្លាយ ជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួមជាមួយជនប្រភេទនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺខ្ញុំបានសរសេរមកអ្នករាល់គ្នា ដោយន័យយ៉ាងនេះថា បើមានអ្នកណានៅក្នុងពួកជំនុំ ជាមនុស្សកំផិត ឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ ជាអ្នកប្រមឹក ឬប្លន់កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង |
មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
ខ្ញុំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ខ្ញុំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយឫកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។
អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកំរិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំអះ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំអះទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។
ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និងចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។
បុរសខាងគណៈផារីស៊ីឈរទូរអាក្នុងចិត្ដថា “ឱអុលឡោះអើយ ខ្ញុំសូមអរគុណទ្រង់ ព្រោះខ្ញុំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្ដអំពើផិតក្បត់ ហើយខ្ញុំក៏មិនដូចអ្នកទារពន្ធនេះដែរ
«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្ដរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន
នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា ពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថា៖
លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយនិយាយថា៖ «បងសូលអើយ! អ៊ីសាជាអម្ចាស់ដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ គាត់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ»។
ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្ដកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្ន នឹងពួកអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា និងនាំឲ្យបងប្អូនរវាតចិត្ដចេញពីជំនឿ ដោយគេប្រព្រឹត្ដផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួលសូមបងប្អូនចៀសចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ
ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឲ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។
ចំពោះអ្នកដែលនៅខាងក្រៅ អុលឡោះនឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ» ។
ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។
បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលនគរអុលឡោះទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីអ៊ីសាជាអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជម្រាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។
បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ អុលឡោះបានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ដ។
អាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្ដែ ការចេះដឹងរបស់បងប្អូន បែរជានាំគេឲ្យវិនាសអន្ដរាយទៅវិញ!
លោកយ៉ាកកូបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះគាត់ខ្លាចបងប្អូនសាសន៍យូដា។
កុំស្រវឹងស្រាព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយរសអុលឡោះ។
ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្ដអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងនគររបស់អាល់ម៉ាហ្សៀស និងរបស់អុលឡោះបានជាដាច់ខាត។
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។
បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុក ហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីឲ្យគាត់ខ្មាសគេ
បងប្អូនអើយ យើងសូមរំលឹកដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងថា ចូរចៀសចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។
មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្ដសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។
និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍អុលឡោះ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។
ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវឲ្យសាឡាមគេផង
ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ ឲ្យប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រអែល ឲ្យបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងឲ្យប្រាសចាកសីលធម៌។
ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយឲ្យនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាអ្នកថ្លែងបន្ទូលនៃអុលឡោះ បង្រៀន និងបញ្ឆោតពួកអ្នកបម្រើរបស់យើងឲ្យវង្វេង ឲ្យប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!