១ កូរិនថូស 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អំពើសហាយស្មន់ធ្វើឲ្យក្រុមជំនុំស្មោកគ្រោក 1 មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន 2 តែអ្នករាល់គ្នានៅតែមានឫកធំ! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខ ហើយដកជនដែលប្រព្រឹត្តការនោះ ចេញពីចំណោមអ្នករាល់គ្នាទេឬ? 3 ដ្បិតទោះជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន តែវិញ្ញាណរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តដូច្នោះរួចហើយ គឺដូចជាខ្ញុំនៅជាមួយគ្នាអ្នករាល់គ្នាដែរ 4 ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ពេលអ្នករាល់គ្នាជួបប្រជុំគ្នា ហើយវិញ្ញាណខ្ញុំនៅទីនោះ ទាំងមានព្រះចេស្តារបស់ព្រះអម្ចាស់យេស៊ូវនៃយើងគង់ជាមួយ 5 អ្នករាល់គ្នាត្រូវបញ្ជូនជននោះ ឲ្យអារក្សសាតាំងបំផ្លាញសាច់ឈាម ដើម្បីឲ្យវិញ្ញាណរបស់គាត់បានសង្គ្រោះ ក្នុងថ្ងៃរបស់ព្រះអម្ចាស់។ 6 អំនួតរបស់អ្នករាល់គ្នាមិនល្អទេ! តើអ្នករាល់គ្នាមិនដឹងថា ដំបែតែបន្តិចអាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬ? 7 ចូរសម្អាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាជាម្សៅឥតដំបែហើយ ព្រោះព្រះគ្រីស្ទ ជាកូនចៀមបុណ្យរំលង នោះត្រូវបានថ្វាយជាយញ្ញបូជាជំនួសយើងរួចហើយ។ 8 ដូច្នេះ យើងត្រូវធ្វើពិធីបុណ្យនេះ មិនមែនដោយដំបែចាស់ ឬដំបែនៃសេចក្តីអាក្រក់ និងសេចក្តីកំណាចនោះឡើយ គឺដោយនំប៉័ងឥតដំបែនៃចិត្តបរិសុទ្ធ និងសេចក្តីពិតវិញ។ អំពើសហាយស្មន់ត្រូវតែជំនុំជម្រះ 9 ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នាកុំឲ្យភប់ប្រសព្វជាមួយមនុស្សសហាយស្មន់ឡើយ 10 តែពាក្យនេះមិនសំដៅលើមនុស្សសហាយស្មន់ទួទៅក្នុងលោកនេះ មនុស្សលោភលន់ មនុស្សបោកប្រាស់ ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះមែន មានតែចេញឲ្យផុតពីលោកនេះទៅ។ 11 ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។ 12 ដ្បិតតើត្រូវឲ្យខ្ញុំជំនុំជម្រះអស់អ្នកដែលនៅខាងក្រៅធ្វើអ្វី? តើអ្នករាល់គ្នាមិនជំនុំជម្រះអស់អ្នកដែលនៅខាងក្នុងទេឬ? 13 អស់អ្នកដែលនៅខាងក្រៅ ព្រះនឹងជំនុំជម្រះគេ។ «ត្រូវបណ្តេញមនុស្សអាក្រក់នោះ ចេញពីចំណោមអ្នករាល់គ្នាទៅ »។ |
© 2016 United Bible Societies
Bible Society in Cambodia