១ កូរិនថូស 5 - ព្រះគម្ពីរខ្មែរសាកលអំពើអសីលធម៌ខាងផ្លូវភេទក្នុងក្រុមជំនុំ 1 មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមអ្នករាល់គ្នាមានអំពើអសីលធម៌ខាងផ្លូវភេទ ជាអំពើដែលសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏គ្មានបែបនេះដែរ គឺមានម្នាក់យកប្រពន្ធរបស់ឪពុកខ្លួន។ 2 ប៉ុណ្ណឹងហើយ អ្នករាល់គ្នានៅតែអួតបំប៉ោងទៀត! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខវិញ ហើយឲ្យអ្នកដែលបានប្រព្រឹត្តអំពើនេះចេញពីចំណោមអ្នករាល់គ្នាទេឬ? 3 ជាការពិត ទោះបីជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយក៏ដោយ ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ហើយខ្ញុំបានកាត់ទោសអ្នកដែលបានប្រព្រឹត្តអំពើបែបនេះរួចហើយ ហាក់ដូចជាខ្ញុំនៅជាមួយអ្នករាល់គ្នាដែរ។ 4 នៅពេលអ្នករាល់គ្នាជួបជុំគ្នាក្នុងព្រះនាមព្រះយេស៊ូវព្រះអម្ចាស់នៃយើង ហើយវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយដែរ 5 ត្រូវប្រគល់មនុស្សបែបនេះទៅសាតាំង ដោយនូវព្រះចេស្ដារបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ឲ្យសាច់ឈាមអ្នកនោះត្រូវបំផ្លាញ ដើម្បីឲ្យវិញ្ញាណរបស់អ្នកនោះបានសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់។ 6 ការអួតអាងរបស់អ្នករាល់គ្នាមិនល្អទេ។ តើអ្នករាល់គ្នាមិនដឹងថា មេម្សៅតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងទេឬ? 7 ចូរអ្នករាល់គ្នាសម្អាតមេម្សៅចាស់ចេញ ដើម្បីបានជាដុំម្សៅថ្មី ដ្បិតអ្នករាល់គ្នាជាម្សៅឥតមេ។ ជាការពិត ព្រះគ្រីស្ទដែលជាកូនចៀមនៃបុណ្យរំលងរបស់យើង ត្រូវបានថ្វាយជាយញ្ញបូជាហើយ។ 8 ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យ មិនមែនដោយមេម្សៅចាស់ ឬដោយមេម្សៅនៃគំនិតព្យាបាទ និងសេចក្ដីអាក្រក់នោះឡើយ ផ្ទុយទៅវិញ ចូរធ្វើពិធីបុណ្យដោយនំប៉័ងឥតមេនៃសេចក្ដីបរិសុទ្ធ និងសេចក្ដីពិត។ ការអប់រំក្រុមជំនុំ 9 ខ្ញុំធ្លាប់សរសេរមកអ្នករាល់គ្នាក្នុងសំបុត្រថា កុំឲ្យសេពគប់ជាមួយមនុស្សអសីលធម៌ខាងផ្លូវភេទឡើយ។ 10 ខ្ញុំមិនមែនសំដៅលើមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សឆបោក ឬមនុស្សថ្វាយបង្គំរូបបដិមាករ ទូទៅក្នុងពិភពលោកនេះទេ បើដូច្នោះមែន អ្នករាល់គ្នាមានតែចេញពីពិភពលោកនេះ។ 11 ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។ 12 ដ្បិតខ្ញុំមានអ្វីពាក់ព័ន្ធនឹងការកាត់ទោសអ្នកខាងក្រៅ? តើមិនមែនអ្នកខាងក្នុងទេឬ ដែលអ្នករាល់គ្នាត្រូវកាត់ទោស? 13 ចំណែកឯអ្នកខាងក្រៅវិញ ព្រះនឹងជំនុំជម្រះពួកគេ ដូច្នេះ “ចូរដកមនុស្សអាក្រក់នោះចេញពីចំណោមអ្នករាល់គ្នាទៅ”៕ |