២ យ៉ូហាន 1 - អាល់គីតាបបុរេកថា 1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលអុលឡោះបានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ 2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ 3 សូមអុលឡោះជាបិតា និងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ ប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់រវាងបងប្អូន 4 ខ្ញុំសប្បាយចិត្ដណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្ដិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីអុលឡោះជាបិតាមក។ 5 ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។ 6 សេចក្ដីស្រឡាញ់មានដូចតទៅៈ យើងត្រូវតែប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្ដិតាម។ តួនក្លែងក្លាយ 7 មានអ្នកបោកបញ្ឆោតជាច្រើននាក់ បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា អ៊ីសាអាល់ម៉ាហ្សៀសបានមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំងអាល់ម៉ាហ្សៀស។ 8 ចូរមើលគ្នាឯងឲ្យមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំឲ្យបានទទួលរង្វាន់ដ៏បរិបូណ៌។ 9 អ្នកណាមិនស្ថិតនៅជាប់នឹងឱវាទរបស់អាលម៉ាហ្សៀស គឺទៅហួស អ្នកនោះ គ្មានអុលឡោះនៅជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងឱវាទរបស់អាល់ម៉ាហ្សៀសទើបមានអុលឡោះជាបិតា និងអ៊ីសាជាបុត្រានៅជាមួយ។ 10 ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវឲ្យសាឡាមគេផង 11 ដ្បិតអ្នកណាឲ្យសាឡាមមនុស្សបែបនេះ ក៏ដូចជាសមគំនិតនឹងអំពើអាក្រក់របស់គេដែរ។ 12 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ 13 កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលអុលឡោះបានជ្រើសរើសនោះ ក៏ផ្ញើសាឡាមមកលោកស្រីដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies