អេសាយ 60:1 - អាល់គីតាប យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់អុលឡោះតាអាឡាភ្លឺមកលើអ្នកដូចថ្ងៃរះ។ ព្រះគម្ពីរខ្មែរសាកល ចូរក្រោកឡើង! ចូរភ្លឺឡើង! ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានរះឡើងមកលើអ្នកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់អ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ |
ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ទ្រង់ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់អ្នកដែលជាអះលីជំអះ។
នៅថ្ងៃនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សម្រាប់ប្រជាជនរបស់ទ្រង់ដែលនៅសេសសល់។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតអុលឡោះប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
បន្ទាប់មក អុលឡោះតាអាឡានឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់អុលឡោះតាអាឡានឹងគ្របបាំងការពារអ្វីៗទាំងអស់។
យើងនេះហើយជាអុលឡោះតាអាឡា! យើងបានហៅអ្នកមក ស្របតាមសេចក្ដីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា
បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡា ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។
ពេលនោះ ប្រជាជាតិនានានឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង របស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលអុលឡោះតាអាឡាប្រទានឲ្យ។
សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿង ដោយសារក្រុងនេះ។
ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។
រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។
ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។
ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កា»។
គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ទ្រង់ និងជាសិរីរុងរឿងរបស់អ៊ីស្រអែល ជាប្រជារាស្ដ្រទ្រង់»។
បន្ទូលនៃអុលឡោះជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោកហើយបំភ្លឺមនុស្សគ្រប់ៗគ្នា។
ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។
ហេតុដែលបណ្ដាលឲ្យមានទោសនោះ គឺពន្លឺបានមកក្នុងពិភពលោក ប៉ុន្ដែ មនុស្សលោកចូលចិត្ដភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។
អ៊ីសាមានប្រសាសន៍ទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។
ដ្បិតអំពើណាដែលលេចមកឲ្យគេឃើញហើយនោះបានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថាៈ «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ អាល់ម៉ាហ្សៀសនឹងភ្លឺចាំងមកលើអ្នក»។
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្ដែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមជាមួយអ៊ីសាជាអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។
ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់អុលឡោះដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែនាមរបស់អាល់ម៉ាហ្សៀស នោះបងប្អូនមានសុភមង្គលហើយ ដ្បិតរសអុលឡោះប្រកបដោយសិរីរុងរឿង គឺរសរបស់ទ្រង់ស្ថិតនៅលើបងប្អូន។
ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់អុលឡោះ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។
ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះបំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។
នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។