យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
លោកុប្បត្តិ 28:14 - អាល់គីតាប ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរ ដោយសារអ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង |
យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
ក្រោយពេលឡូតបែកចេញពីអ៊ីប្រាំទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ!
ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើន ដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។
អ៊ីព្រហ៊ីមនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី ក៏នឹងទទួលពរតាមរយៈគាត់ដែរ
យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់យើង»។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក
អុលឡោះមានបន្ទូលមកខ្ញុំថា “យើងនឹងឲ្យអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
សូមម៉ាឡាអ៊ីកាត់ ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំលឹកឈ្មោះពុក ឈ្មោះរបស់អ៊ីព្រហ៊ីមជាជីតា និង ឈ្មោះរបស់អ៊ីសាហាក់ ជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
ប៉ុន្តែ ឪពុកគាត់ប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថា ម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជាជាតិមួយចំនួនធំ»។
អុលឡោះអើយ ឥឡូវនេះទ្រង់សម្រេចតាមបន្ទូលដែលទ្រង់បានសន្យាចំពោះស្តេចទត ជាឪពុករបស់ខ្ញុំហើយ ដ្បិតទ្រង់បានតែងតាំងខ្ញុំ ឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនាដូចធូលី។
សូមឲ្យស្តេចមាននាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យនាមស្តេច នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកនាមស្តេច ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ស្តេចប្រកបដោយពរ!
សូមនឹកដល់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់ផង ដ្បិតទ្រង់បានសន្យាជាមួយអស់ណាពីទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើង ដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។
ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។
តើនរណាអាចរាប់កូនចៅយ៉ាកកូប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រអែល ដ៏ច្រើនឥតគណនាបាន? ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងនគរនៃអុលឡោះជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។
បងប្អូនហ្នឹងហើយជាកូនចៅរបស់ណាពី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រីដែលអុលឡោះបានចងជាមួយបុព្វបុរសដែរ ដូចទ្រង់មានបន្ទូលទៅកាន់អ៊ីព្រហ៊ីមថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក”។
យ៉ាងណាមិញ អុលឡោះមានបន្ទូលសន្យាដល់អ៊ីព្រហ៊ីម និងដល់ពូជពង្សរបស់គាត់។ ក្នុងគីតាបពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺអាល់ម៉ាហ្សៀស។
ក្នុងគីតាបមានគ្រោងទុកជាមុនថា អុលឡោះនឹងប្រោសសាសន៍ដទៃឲ្យបានសុចរិតដោយសារជំនឿ ហើយអ៊ីព្រហ៊ីមបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
នៅពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមពាក្យដែលទ្រង់បានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគបានតាមចិត្តប៉ងប្រាថ្នា។
កុំយកអ្វីៗដែលត្រូវបំផ្លាញជូនផ្តាច់ដល់អុលឡោះតាអាឡាឡើយ ដើម្បីឲ្យអុលឡោះតាអាឡាលែងខឹង។ ទ្រង់នឹងសំដែងចិត្តមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នក
ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសំគាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រអែល គឺ
ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។