អេភេសូរ 1 - អាល់គីតាបសេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល អុលឡោះគាប់ចិត្តតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាសូមជម្រាបមកបងប្អូនជាប្រជារាស្ដ្របរិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើអាល់ម៉ាហ្សៀសអ៊ីសា។ 2 សូមអុលឡោះជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។ ពរដ៏លើសលប់ដែលអុលឡោះប្រទានដល់អ្នកជឿ 3 សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។ 4 អុលឡោះបានជ្រើសរើសយើងក្នុងអាល់ម៉ាហ្សៀស តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ និងឥតសៅហ្មងនៅចំពោះទ្រង់ ព្រោះទ្រង់ស្រឡាញ់យើង។ 5 អុលឡោះបានតំរូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ទ្រង់ ដោយសារអ៊ីសាអាល់ម៉ាហ្សៀស ស្របនឹងបំណងដ៏សប្បុរសរបស់ទ្រង់ 6 ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងនាមបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។ 7 ដោយយើងរួមក្នុងអាល់ម៉ាហ្សៀសនេះ អុលឡោះបានលោះយើង ដោយឈាមរបស់អ៊ីសា និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមគុណដ៏លើសលប់របស់ទ្រង់។ 8 អុលឡោះប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ 9 អុលឡោះបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃចិត្តរបស់ទ្រង់ តាមបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយទ្រង់ផ្ទាល់។ 10 អុលឡោះចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅសូរ៉កា និងនៅលើផែនដីឲ្យរួមគ្នានៅក្នុងអាល់ម៉ាហ្សៀស ជាម្ចាស់តែមួយ។ 11 អុលឡោះបានជ្រើសរើសយើងទុកដោយឡែក ក្នុងអាល់ម៉ាហ្សៀស ទ្រង់បានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ទ្រង់ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមបំណងរបស់ទ្រង់ 12 ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ គឺយើងដែលបានសង្ឃឹមលើអាល់ម៉ាហ្សៀសមុនគេបង្អស់។ 13 ដោយរួមក្នុងអាល់ម៉ាហ្សៀស បងប្អូនបានស្ដាប់បន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអាល់ម៉ាហ្សៀសបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីរសអុលឡោះដ៏វិសុទ្ធ តាមបន្ទូលសន្យានៃអុលឡោះដែរ។ 14 អុលឡោះប្រទានរសរបស់ទ្រង់នេះ មកបញ្ចាំចិត្ដយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលទ្រង់លោះប្រជារាស្ដ្ររបស់ទ្រង់ ជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។ ពាក្យទូរអារបស់លោកប៉ូល 15 ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអ៊ីសាជាអម្ចាស់ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏បរិសុទ្ធទាំងអស់ 16 នោះខ្ញុំអរគុណអុលឡោះឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំទូរអា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច 17 សូមឲ្យអុលឡោះជាម្ចាស់របស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង គឺអុលឡោះជាបិតាប្រកបដោយសិរីរុងរឿង ប្រទានរសរបស់ទ្រង់ ឲ្យបងប្អូនមានប្រាជ្ញា និងសំដែងឲ្យបងប្អូនស្គាល់ទ្រង់ច្បាស់។ 18 សូមអុលឡោះជាបិតាបំភ្លឺចិត្ដគំនិតបងប្អូនឲ្យយល់ថា ដោយទ្រង់ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។ 19 សូមអុលឡោះប្រទានឲ្យបងប្អូនយល់ទៀតថា អំណាចដ៏អស្ចារ្យបំផុតដែលទ្រង់សំដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមអំណាចនៃចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់បានសំដែងក្នុងអាល់ម៉ាហ្សៀស។ 20 អុលឡោះបានសំដែងអំណាចនេះ ដោយប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ និងឲ្យនៅខាងស្ដាំទ្រង់នៅសូរ៉កា 21 ខ្ពស់ជាងវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាចគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ 22 អុលឡោះបានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់អាល់ម៉ាហ្សៀស ព្រមទាំងប្រទានឲ្យអ៊ីសានៅលើអ្វីៗទាំងអស់ ធ្វើជាមេដឹកនាំលើក្រុមជំអះ 23 ដែលជារូបកាយរបស់គាត់។ ក្រុមជំអះនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អាល់ម៉ាហ្សៀស ហើយអាល់ម៉ាហ្សៀសផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies