ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
អេសាយ 32:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងនោះប្រៀបដូចជាជម្រក ការពារនៅពេលមានខ្យល់ មានព្យុះ ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង និងដូចជាផ្ទាំងថ្មមួយដ៏ធំ ផ្ដល់ម្លប់ទៅលើដីហួតហែង។ ព្រះគម្ពីរខ្មែរសាកល ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ អាល់គីតាប អ្នកទាំងនោះប្រៀបដូចជាជំរក ការពារនៅពេលមានខ្យល់ មានព្យុះ ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង និងដូចជាផ្ទាំងថ្មមួយដ៏ធំ ផ្តល់ម្លប់ទៅលើដីហួតហែង។ |
ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្ន ព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សម្រាក
ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកម្ដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកម្ដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រម្លើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជម្រករបស់អ្នករាល់គ្នាទៅដែរ។
យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស
យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង យើងនឹងធ្វើឲ្យមានទឹកហូរ នៅលើដីហួតហែង យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង ទៅលើពូជពង្សអ្នក ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។
ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន ទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។
ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រ យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែឥឡូវនេះ ព្រះមហាក្សត្រ ដែលជាម្ចាស់ជីវិតរបស់យើង គឺស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក ទ្រង់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
«ដាវអើយ ចូរភ្ញាក់ឡើង ប្រហារគង្វាលដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
នៅថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។
ទេវតា*បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។