ទំនុកតម្កើង 143 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥សូមកុំប្រកាន់ទោសទូលបង្គំឡើយ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទទូចអង្វររបស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យ សុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ 2 សូមកុំយកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គទេ។ 3 ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។ 4 ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។ 5 ទូលបង្គំនឹកទៅដល់ជំនាន់ដើម ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ 6 ទូលបង្គំលើកដៃអង្វរព្រះអង្គ ទូលបង្គំនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រៀបដូចជាដីហួតហែង។ - សម្រាក 7 ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។ 8 សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវ ដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។ 9 ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។ 10 សូមបង្រៀនទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំ ទូលបង្គំឲ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។ 11 ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ! 12 ដោយព្រះអង្គមានព្រះហឫទ័យមេត្តា ករុណាចំពោះទូលបង្គំ សូមកម្ទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ទូលបង្គំ ឲ្យវិនាសសូន្យទៅ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies