Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បរិទេវ 4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ទុក្ខ​វេទនា​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម

1 ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់ ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ! ថ្ម​ព្រះ‌វិហារ​នៅ​រប៉ាត់‌រប៉ាយ​គ្រប់​ទី​កន្លែង តាម​ដង​ផ្លូវ​ទាំង​អស់!

2 ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់ គឺ​មាន​តម្លៃ​ដូច​មាស។ ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា ក្អម​ដី​ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ស្មូន​ដូច្នេះ!

3 សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែរ រីឯ​ប្រជា‌ជន​របស់​ខ្ញុំ​វិញ គេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួន ដូច​សត្វ​អូទ្រុស នៅ​វាល​រហោ‌ស្ថាន។

4 កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​ក ក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយ តែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។

5 អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗ បរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវ អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿង តាំង​ពី​ក្មេង​មក បែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។

6 ប្រជា‌ជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។

7 ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ ហើយ​ស​ជាង​សំឡី​ទៅ​ទៀត ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវ‌មរកត។

8 ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូង នៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេ ពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។

9 អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាង ជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារ ដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។

10 នៅ​ពេល​មហន្ត‌រាយ​មក​ដល់ ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តា បែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។

11 ព្រះ‌អម្ចាស់​ក្រេវ‌ក្រោធ​ដល់​កម្រិត ព្រះអង្គ​បាន​ជះ​ព្រះ‌ពិរោធ ព្រះអង្គ​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូន ឲ្យ​ឆេះ​រហូត​ដល់​គ្រឹះ។

12 ស្ដេច​ទាំង‌ឡាយ​នៅ​លើ​ផែនដី ព្រម​ទាំង​មនុស្ស‌ម្នា​ក្នុង​លោក​ទាំង​មូល ពិបាក​ជឿ​ថា បច្ចា‌មិត្ត​អាច​ចូល​មក​ក្នុង ក្រុង​យេរូ‌សាឡឹម​បាន​យ៉ាង​នេះ។

13 ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី និង​កំហុស​របស់​ពួក​បូជា‌ចារ្យ ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!

14 អ្នក​ទាំង​នោះ​ដើរ​តែល‌តោល​នៅ​តាម​ផ្លូវ ដូច​មនុស្ស​ខ្វាក់ ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាម សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ពួក​គេ ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះ‌ពាល់​ដែរ។

15 អ្នក​ឯ​ទៀតៗ​ស្រែក​ដាក់​អ្នក​ទាំង​នោះ​ថា: ជន​មិន​បរិសុទ្ធ​អើយ ចូរ​ចៀស​ចេញ​ទៅ! ចៀស! ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ទៅ! កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ! ពួក​គេ​រត់​ភៀស​ខ្លួន ពី​ប្រជា‌ជាតិ​មួយ​ទៅ​ប្រជា‌ជាតិ​មួយ តែ​គ្មាន​នរណា​ទទួល​ពួក​គេ ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ។

16 ព្រះ‌អម្ចាស់​ផ្ទាល់​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ ព្រះអង្គ​លែង​រវី‌រវល់​នឹង​ពួក​គេ។ គ្មាន​នរណា​គោរព​ពួក​បូជា‌ចារ្យ ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។

17 យើង​ទន្ទឹង​រង់‌ចាំ​រហូត​ដល់​ផ្សា​ភ្នែក តែ​មិន​ឃើញ​មាន​នរណា​មក​សង្គ្រោះ​សោះ យើង​ឃ្លាំ​មើល ហើយ​ឃ្លាំ​មើល​ទៀត តែ​គ្មាន​ប្រជា‌ជាតិ​ណា​មួយ​សង្គ្រោះ​យើង​ទេ។

18 សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើង សូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង ក៏​យើង​ដើរ​មិន​បាន​ផង។ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់ យើង​ជិត​អស់​អាយុ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!

19 អ្នក​ដែល​ប្រហារ​យើង នាំ​គ្នា​ដេញ​តាម​យើង លឿន​ជាង​សត្វ​ឥន្ទ្រី​ហោះ​ហើរ​នៅ​លើ​មេឃ ពួក​គេ​ដេញ​តាម​យើង​នៅ​លើ​ភ្នំ ពួក​គេ​ចាំ​ស្ទាក់​យើង​នៅ​វាល​រហោ‌ស្ថាន។

20 យើង​ធ្លាប់​ពោល​ថា ដោយ‌សារ​ម្លប់​ត្រជាក់‌ត្រជុំ​នៃ​ព្រះ‌មហា‌ក្សត្រ យើង​នឹង​រស់​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ។ ប៉ុន្តែ​ឥឡូវ​នេះ ព្រះ‌មហា‌ក្សត្រ ដែល​ជា​ម្ចាស់​ជីវិត​របស់​យើង គឺ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក ទ្រង់​ជាប់​ឃុំ‌ឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។

21 ប្រជា‌ជន​ស្រុក​អេដុម ប្រជា‌ជន​ស្រុក​អ៊ូស​អើយ ចូរ​សប្បាយ​ចិត្ត ចូរ​រីក‌រាយ​ទៅ! ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។

22 ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ អ្នក​ទទួល​ទោស​ដល់​កម្រិត​ហើយ គ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេ រីឯ​ប្រជា‌ជន​ស្រុក​អេដុម​វិញ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ទណ្ឌ‌កម្ម​ពួក​គេ ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គឺ​ព្រះអង្គ​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម