ទំនុកតម្កើង 91 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់ខ្ពស់បំផុត 1 អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។ 2 ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាជម្រក និងជាកំពែងការពារទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះអង្គ! 3 ព្រះអម្ចាស់រំដោះអ្នកឲ្យរួចផុតពីអន្ទាក់ ឲ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗ។ 4 ព្រះអង្គនឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។ 5 នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។ 6 អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត ហើយក៏មិនភ័យខ្លាចមហន្តរាយ នៅពេលថ្ងៃត្រង់ដែរ។ 7 ទោះបីមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅជិតអ្នក ហើយមានមនុស្សមួយម៉ឺននាក់ ស្លាប់នៅខាងស្ដាំអ្នកក្ដី ក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយ។ 8 ចូរសម្លឹងមើល អ្នកនឹងឃើញថា តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។ 9 ព្រះអម្ចាស់ជាជម្រករបស់អ្នក អ្នកបានមកជ្រកកោនក្រោមម្លប់ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ 10 គ្មានទុក្ខវេទនាណាមួយកើតមាន ដល់អ្នកបានឡើយ ហើយក៏គ្មានគ្រោះកាចណាមួយ ចូលទៅជិតទីលំនៅរបស់អ្នកបានដែរ 11 ដ្បិតព្រះអម្ចាស់នឹងបញ្ជាឲ្យ ពួកទេវតាជួយអ្នក ពួកទេវតានឹងការពារអ្នក នៅគ្រប់ទីកន្លែងដែលអ្នកទៅ។ 12 ទេវតាទាំងនោះនឹងចាំទ្រអ្នក មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ ។ 13 អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។ 14 ព្រះអម្ចាស់មានព្រះបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាព្រះអម្ចាស់! 15 គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។ 16 យើងនឹងឲ្យគេមានអាយុយឺនយូរ ហើយយើងនឹងឲ្យគេឃើញថា យើងពិតជាព្រះសង្គ្រោះមែន»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies