Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 9:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មក សម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះអង្គ មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វរបិតា​ដ៏​គង់​នៅ​អស់‌កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។

សូមមើលជំពូក ចម្លង




អេសាយ 9:6
82 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។


ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។


សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រោស‌ប្រណី​ព្រះ‌ករុណា ហើយ​ជ្រើស‌រើស​ព្រះ‌ករុណា ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រា‌អែល​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជ្រើស​រើស​ព្រះ‌ករុណា​ឲ្យ​ធ្វើ​ជា​ស្ដេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។


បំណុល​ឈាម​នេះ នឹង​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​រហូត​ត​ទៅ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ‌វង្ស សន្តតិ‌វង្ស និង​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ»។


ប៉ុន្តែ យើង​សាឡូម៉ូន​នឹង​ទទួល​ព្រះ‌ពរ ហើយ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​រឹង‌មាំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ត​រៀង​ទៅ»។


ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជានិច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជា‌ចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំ ដូនតា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។


ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិ​អើយ សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុងរឿង និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះអង្គ​ទៅ។


បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌


ព្រះអង្គ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ ហេតុ​នេះ​ហើយ​បាន​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ព្រះអង្គ​ជ្រើស​រើស​ព្រះអង្គ ពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះអង្គ ហើយ​ប្រទាន​ឲ្យ​ព្រះអង្គ មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប ដោយ​ចាក់​ប្រេង​អភិសេក​ព្រះអង្គ។


ព្រះ‌អម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះ‌បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច


សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌ករុណា នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​ព្រះ‌នាម​ព្រះ‌ករុណា ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ព្រះ‌រាជា​ប្រកប​ដោយ​ព្រះ‌ពរ!


សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្ដល់​នូវ​ភោគ‌ផល ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ត្រ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់ សេចក្ដី​សុចរិត​ដែរ។


សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ក្នុង​រជ្ជកាល​របស់​ព្រះ‌ករុណា ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។


ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខ‌សាន្ត។


ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​តម្កើង ស្នា‌ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏វិសុទ្ធ​ច្រៀង សរសើរ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។


ព្រះអង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។


ប្រជា‌ជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា​វិញ។


ព្រះអង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។


ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា​ករុណា។ ព្រះ‌រាជា​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។


បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្ត អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។


ព្រះអង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជានិច្ច​និរន្តរ៍ ដល់​ប្រជា‌ជាតិ​នេះ ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។


គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ព្រះអង្គ​គួរ​ឲ្យ​កោត​សរសើរ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។


ពេល​នោះ នឹង​មាន​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​ដោយ​សុចរិត ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។


ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​លើស‌លុប​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​នឹង​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​នៅ​សេស‌សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រួច​ជីវិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​បម្រើ របស់​ព្រះអង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​លោក​បាន​បូជា​ជីវិត ធ្វើ​ជា​យញ្ញ‌បូជា​លោះ​បាប​សម្រាប់​អ្នក​ដទៃ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ពូជ‌ពង្ស ព្រះអង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោក ហើយ​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​តាម​រយៈ​លោក។


នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​ប្រៀប​បាន​នឹង​ពន្លក​មួយ ដែល​លូត​លាស់​មិន​សូវ​ល្អ ដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួត‌ហែង។ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃ‌ថ្នូរ គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​ឲ្យ ទាក់‌ទាញ​ចិត្ត​យើង​ដែរ។


ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះ‌បោរ​របស់​យើង លោក​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង លោក​បាន​រង​ទារុណ‌កម្ម ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សុខ‌សាន្ត ហើយ​ដោយ‌សារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះ‌ស្បើយ។


បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ព្រះអង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់ ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។


ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន ទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។


នៅ​ស្រុក​អ៊ីស្រា‌អែល ខ្ញុំ និង​កូន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល មក​ពី​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


កូន​ស្រី​ដែល​បះ‌បោរ​អើយ តើ​នាង​នៅ​តែ​ដើរ​តែល‌តោល ដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ការ​មួយ​ថ្មី កើត​ឡើង​នៅ​លើ​ផែនដី​នេះ គឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។


ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ


លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង​ព្រះ‌កិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជា‌ជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​លោក អំណាច​គ្រប់‌គ្រង​របស់​លោក​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។»


សិរី‌រុងរឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើង ជាង​សិរី‌រុងរឿង​របស់​ដំណាក់ កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ នៅ​កន្លែង​នេះ យើង​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។


«មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះ‌នាម​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «ព្រះ‌ជា​ម្ចាស់​គង់​ជា​មួយ​យើង»។


ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រា ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី។


ទេវតា*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”។


យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។


«សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង​អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ។


ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ ជា​សិរី‌រុងរឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌គុណ និង​សេចក្ដី​ពិត។


យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ


ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។


ព្រះអង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​នាំ​ដំណឹង‌ល្អ*​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ត តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត* គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះ‌អម្ចាស់​លើ​មនុស្ស​ទាំង​អស់។


ដូច្នេះ សូម​បងប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​បងប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បងប្អូន​ថែ‌រក្សា​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។


ព្រះអង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះអង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។


មាន​បុព្វបុរស ហើយ​ព្រះ‌គ្រិស្ត​ក៏​កើត​មក​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច អាម៉ែន!


គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់ សម្រាប់​យើង។ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត* បាន​វិសុទ្ធ* និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។


ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ។


នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។


ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ព្រះអង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។


ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​ របស់​ព្រះ‌ជា‌ម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ហ្នឹង​ហើយ។


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថា: ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​ព្រះ‌គ្រិស្ត​ក្នុង​ឋានៈ​ជា​មនុស្ស ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​សុចរិត ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ គេ​ប្រកាស​អំពី​ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង ឲ្យ​មាន​សិរី‌រុងរឿង។


ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង។


ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។


ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ត​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។


យើង​ក៏​ដឹង​ដែរ​ថា ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ជា​ជីវិត​អស់‌កល្ប​ជានិច្ច។


នៅ​លើ​ព្រះ‌ភូសា និង​លើ​ភ្លៅ​របស់​ព្រះអង្គ មាន​សរសេរ​ព្រះ‌នាម​ថា «ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា និង​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។


ទេវតា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម