អេសាយ 30:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀង ប្រកបដោយតេជបារមី ព្រះអង្គនឹងបង្ហាញព្រះចេស្ដា និងព្រះពិរោធរបស់ព្រះអង្គ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នឹងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា នឹងដុំព្រឹលផង អាល់គីតាប ពេលនោះ អុលឡោះតាអាឡានឹងបន្លឺសំឡេង ប្រកបដោយអំណាច ទ្រង់នឹងបង្ហាញអំណាច និងកំហឹងរបស់ទ្រង់ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។ |
យើងទុកហិមៈ និងព្រឹលដោយឡែក សម្រាប់គ្រាមហន្តរាយ និងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។
តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់ ហើយមានសំឡេងដូចផ្គរលាន់ ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ ដោយព្រះពិរោធ ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គមានព្រះបន្ទូលថា៖
ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។
ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ ព្រះអម្ចាស់អើយ ពេលឃើញព្រះអង្គសម្តែងព្រះបារមីដ៏ខ្លាំងក្លា ពួកគេភាំងស្មារតី និយាយលែងចេញ រហូតទាល់តែប្រជារាស្ត្ររបស់ព្រះអង្គឆ្លងផុត គឺប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុតទៅ។
លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ ព្រះអម្ចាស់ក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីប។
ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមក មិនដែលមានដូច្នេះទេ។
ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងយករំពាត់ វាយជនជាតិអាស្ស៊ីរី ដូចពីដើម ព្រះអង្គបានវាយជនជាតិម៉ាឌាននៅក្បែរថ្មអូរិប ព្រះអង្គនឹងលើកដំបងវាយសមុទ្រ ដូចព្រះអង្គបានវាយសមុទ្រនៅស្រុកអេស៊ីប ។
ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួកគេជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។
ព្រះអម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ព្រះអង្គនឹងច្រានក្រុងនោះឲ្យរលំដល់ដី។
រំពេចនោះ ព្រះអម្ចាស់នៃពិភពទាំងមូល យាងមកជួយអ្នក ដោយប្រើផ្គរលាន់ ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់ព្រះអម្ចាស់ ដែលជាថ្មដារបស់ជនជាតិអ៊ីស្រាអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។
ជនជាតិអាស្ស៊ីរីនឹងភ័យញាប់ញ័រជាខ្លាំង នៅពេលឮព្រះសូរសៀងរបស់ព្រះអម្ចាស់ និងពេលព្រះអង្គវាយធ្វើទោសពួកគេ។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជម្រក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។
ឱព្រះអម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សម្តែងព្រះបារមី! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ ព្រះបារមីព្រះអង្គ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា យើងមិនប្រគល់ស្រូវរបស់អ្នក ទៅឲ្យខ្មាំងសត្រូវទៀតឡើយ កូនចៅរបស់សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។
មើល ព្រះអម្ចាស់កំពុងតែយាងមក ព្រះអង្គយាងមកក្នុងភ្លើង រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមព្រះបន្ទូលដែលព្រះអង្គ ព្រមានទុកជាមុន។
ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើង និងដាវ ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល ទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត។ ព្យុះសង្ឃរាមួយនឹងបក់បោកមកពី ទីដាច់ស្រយាលនៃផែនដី។
សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។
សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចម្បាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តម្រៀបគ្នាចូលប្រយុទ្ធ។
ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។
ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។
ពេលជនជាតិអាម៉ូរីបាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹលមានចំនួនច្រើនជាងអ្នកដែលស្លាប់ ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។
ពេលនោះ ទ្វារព្រះវិហារ*របស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រី*របស់ព្រះអង្គក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
នៅពេលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្ដាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។