ទំនុកតម្កើង 2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះមហាក្សត្រដែលព្រះជាម្ចាស់ចាក់ប្រេងអភិសេក 1 ហេតុអ្វីបានជាប្រជាជាតិទាំងឡាយ នាំគ្នាបង្កើតកោលាហល ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ? 2 ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖ 3 «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។ 4 ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខ ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។ 5 ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ ដោយព្រះពិរោធ ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គមានព្រះបន្ទូលថា៖ 6 «គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។ 7 ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ព្រះអង្គជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ ។ 8 បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យព្រះអង្គទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។ 9 ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែក ហើយព្រះអង្គកម្ទេចគេ ដូចជាងស្មូនកម្ទេចភាជន៍» 10 ឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូររិះគិតពិចារណាឡើង! អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ ចូរទទួលយកសេចក្ដីអប់រំទៅ! 11 ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ 12 ចូរក្រាបថ្វាយបង្គំព្រះរាជបុត្រ ក្រែងព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតព្រះពិរោធរបស់ព្រះអង្គ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies